សេអ៊ូល ៖ រដ្ឋមន្ត្រីកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានធ្វើការព្រមានថា វិធានការលើកក្រោយរបស់កូរ៉េខាងជើង នឹងធ្វើឱ្យសហរដ្ឋអាមេរិកទទួលរងការឈឺចាប់ ដែលមិនធា្លប់ជួបនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេបើសិនជានៅតែចចេសជំរុញឱ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន សម្រាប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី០៦។ នេះបើយោងសារព័ត៌មាន Channel News Asia។
ការព្រមានរបស់ទីក្រុងព្យុងយ៉ាងធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានស្នើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យអនុម័តការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតនៅថ្ងៃចន្ទនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ជាការឆ្លើយតបទៅនឹងការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរកូរ៉េខាងជើង កាលពីថ្ងៃទី០៣ ខែកញ្ញា។ ទន្ទឹមនោះជាឆ្លើយតបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានអះអាងថា ប្រទេសលោកនឹងសងសឹកសហរដ្ឋអាមេរិកវិញ បើសិនជាទណ្ឌកម្មត្រូវបានអនុម័តមែននោះ៕