រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេច ហ៊ុន សែន បានព្រមានជាថ្មី ទៀត ចំពោះដំណើរឆ្ពោះទៅរំលាយគណបក្សសង្គ្រោះជាតិ ដោយសម្តេចអះអាងថា នៅកម្ពុជាមានគណបក្សនយោបាយច្រើនណាស់ ប្រសិនបើអត់ពីគណបក្សនយោបាយមួយ ក៏នៅមានគណបក្សជាច្រើនទៀត ចូលរួមការបោះឆ្នោតបានដែរ។
សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះនៅក្នុងពិធី ប្រគល់សញ្ញាបត្រ ដល់និស្សិតពេទ្យនៃ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ មុនពេលសម្តេច អញ្ជើញទៅប្រទេសចិន ។
សម្តេច ហ៊ុន សែន បានថ្លែងថា អំពើក្បត់ជាតិ មិនអាចអត់ឱនឲ្យបាននោះទេ ហើយ សភាបើកការប្រជុំនៅថ្ងៃនេះបើអំពើក្បត់ជាតិនេះ ត្រូវបានសមគំនិត ដោយក្របខណ្ឌបក្ស ទាំងមូល បក្សនោះក៏នឹងត្រូវទទួលរងនូវការដាក់ពិន័យ ខាងផ្នែកច្បាប់ គឺរំលាយគណបក្ស នយោបាយចោលតែម្ដង មិនអនុញ្ញាតឲ្យអំពើក្បត់ណាមួយ មកបំផ្លាញប្រទេសរបស់យើង ដូចកាលពីឆ្នាំ១៩៧០ទៀតទេ ។
សម្តេចបញ្ជាក់បន្ថែមថា វាជាភព្វសំណាងណាស់ ដែលកម្ពុជាបានរកឃើញអំពើក្បត់ របស់ជនក្បត់ជាតិ ដែលយើងបានចាប់ខ្លួនរួចមកហើយ ប្រសិនបើបក្សនយោបាយមួយនេះ នៅតែបន្តរារាំងហើយការពារជនក្បត់ជាតិ នេះមានន័យថា បក្សមួយនេះគឺក្បត់ជាតិ ហើយដូច្នេះ គ្មានពេលវេលាដើម្បីនឹងត្រូវទុកបក្សនេះក្នុងដំណើរលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា តទៅទៀតទេ ៕