ឡាហាវ៉ាន ៖ រដ្ឋាភិបាលគុយបាបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន១០នាក់បានបាត់បង់ជីវិត បន្ទាប់ពីព្យុះ Hurricane Irma បានវាយប្រហារលើតំបន់ឆ្នេរភាគខាងជើងនៃប្រទេសកាលពីចុងសប្ដាហ៍កន្លងទៅ ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងតំបន់សមុទ្រការ៉ាអ៊ីបកើនដល់៣៨នាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាម National Hurricane Center បាននិយាយថា ព្យុះ Hurricane Irma បានបក់បោកក្នុងល្បឿនខ្យល់១១០គីឡូម៉ែត្រនៅក្នុងមួយម៉ោង និងវាយប្រហារលើតំបន់ស្ថិតនៅចំងាយ៥៦គីឡូម៉ែត្រពីទីក្រុង Gainesville នៃរដ្ឋផ្លូរីដា មុននឹងវាបន្តធ្វើដំណើរទៅកាន់តំបន់ Gulf Coast។ ព្យុះ Hurricane Irma ដែលបានប្រែក្លាយជាព្យុះត្រូពិច បានធ្វើដំណើរទៅដល់ទីក្រុងជាច្រើននៃភាគខាងជើងរដ្ឋផ្លូរីដា របស់សហរដ្ឋអាមេរិក ដោយវាបានបង្កជាភ្លៀងធ្លាក់យ៉ាងខ្លាំង ក៏ដូចជាធ្វើឱ្យប្រជាជនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ព្រមទាំងត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទៅកាន់ជម្រកស្នាក់នៅបណ្ដោះអាសន្នរៀប ចំឡើងដោយអាជ្ញាធរ៕