ប៉េ​រូ​បណ្តេញ​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​កូរ៉េខាងជើង​ចេញពី​ប្រទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2017 ក+ ក-

​ប៉េ​រូ ៖ ក្រសួងការបរទេស​ប្រទេស​ប៉េ​រូ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ខ្លួន​បាន​បណ្ដេញ​ឯកអគ្គរដ្ឋទូត​ប្រទេស​កូរ៉េខាងជើង​ចេញពី​ប្រទេស​ប៉េ​រូ​ដោយសារ​ប្រទេស​កូរ៉េខាងជើង​មិន​ព្រម​គោរព​តាម​ការអំពាវនាវ​ជា​បន្តបន្ទាប់​របស់​ពិភពលោក​សុំ​ឲ្យ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​។​
​ក្រសួងការបរទេស​ប្រទេស​ប៉េ​រូ​បាន​បញ្ជាក់ថា ឯកអគ្គរដ្ឋទូត​ប្រទេស​កូរ៉េខាងជើង​គឺ​លោក គីម ហាក់​ឆូ​ល មាន​រយៈពេល​៥​ថ្ងៃ​ក្នុងការ​ចាកចេញ​ពី​ប្រទេស​ប៉េ​រូ​។ វិធានការ​នេះ​គឺ​គ្រាន់តែ​ជា​ប្ដេជ្ញាចិត្ត​រក​ដំណោះស្រាយ​សន្តិភាព​ចំពោះ​បញ្ហា​នេះ និង​ជា​វិធានការ​មួយ​ស្របតាម​សេចក្ដីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​តែប៉ុណ្ណោះ​។​
​សូម​រំលឹកថា កាលពី​សប្ដាហ៍​មុន​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក៏បាន​ចាត់វិធានការ​ដូច​ប្រទេស​ប៉េ​រូ​នេះដែរ​ដោយបាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ចេញពី​ប្រទេស​ផងដែរ ក្រោយពី​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ម៉ៃ ផេ​ន បាន​អំពាវនាវ​កាលពី​សប្ដាហ៍​មុន​សុំ​ឲ្យ​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន​ចូលរួម​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​ក្លាយជា​រដ្ឋ​ឯកោ​។​
​គួរ​បញ្ជាក់ថា នៅ​ដើមខែ​នេះ​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ធ្វើ​ឲ្យ​ពិភពលោក​មាន​ថ្កោលទោស​យ៉ាងខ្លាំង ហើយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ និយាយថា ភាពសុខសាន្ត​នឹងមិន​មាន​ទេ​៕