ក្រុមប្រឹក្សាសន្តិសុខ UN អនុម័ត​ទណ្ឌកម្ម​ថ្មី​ដាក់​លើ​ប្រទេស​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2017 ក+ ក-

​យូ​អិន ៖ ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​បានអនុម័ត​សេចក្ដីសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​លើ​ប្រទេស​កូរ៉េខាងជើង​វិញ​ការធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ របស់​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ ខណៈ​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​តែមួយគត់​របស់​ព្យុងយ៉ាង បានបង្ហាញ​ជំហ​គាំទ្រ​ទាំងស្រុង​ចំពោះ​ចំណាត់ការ​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​នៅ​ព្រឹក​នេះ​។​
​សេចក្តីសម្រេច​ខាងលើ ដែលជា​ចំណាត់ការ​សកម្មភាព​លើក​បី​ហើយ​នោះ​របស់ UNSC ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង​ក្នុងអំឡុងពេល ០៥​សប្តាហ៍ ចុងក្រោយ​នេះ​មាន​គោលដៅ​ធ្វើការ កាត់បន្ថយ​ការផ្គត់ផ្គង់ ក៏ដូចជា​នាំចូល​ប្រេង​របស់​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង ក្នុង​អត្រា​ជិត ៣០​ភាគរយ ហើយ​ដាក់​បំរាម​លើ​ការនាំចេញ​វាយ​ន​ភណ្ឌ​គ្រប់​ប្រភេទ ដែលមាន​តម្លៃ​ប្រមាណ ៨០០​លាន​ដុល្លារ​។
​ជុំវិញ​រឿងនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ជេ​ង ហ្ស​ង Geng Shuang បាន​ថ្លែងថា ទីក្រុង​ប៉េកាំង គាំទ្រ​ទាំងស្រុង​ឲ្យ UNSC ចាត់វិធានការ​ចាំបាច់​ផ្សេងៗ ទាក់ទិន​នឹង​ការធ្វើ​បំផ្ទុះ​សាកល្បង ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​
​ដោយឡែក​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​សហប្រជាជាតិ​លោក កូ​រ៉ូ បេ​សូ បាន​និយាយថា សេចក្ដីសម្រេចចិត្ត​ថ្មី​នេះ​គឺជា​ការអំពាវនាវ​បន្ទាន់​មួយ​សុំ​ឲ្យ​ប្រទេស​កូរ៉េខាងជើង​ផ្លាស់ប្ដូរ​ទង្វើ​របស់ខ្លួន​។ ចំណែក​ឯកអគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស​ប្រចាំ​សហប្រជាជាតិ​លោក ម៉ា​ស៊ូ រី​ក្រូ​ហ្វ បាន​និយាយថា វិធាន​ការដែល​បានអនុម័ត​ចំពោះ​របប​ក្រុង​ព្យុង​យ៉ាងនេះ​គឺ​ការ​ជា​បន្ថែម​ពីលើ​ទណ្ឌកម្ម​តឹងរ៉ឹង​បំផុត​របស់​សហប្រជាជាតិ​ដែល​បានដាក់​ទៅលើ​ប្រទេស​ណាមួយ​នៅ​សតវត្សរ៍​ទី​២១​នេះ​។ ទន្ទឹមនេះដែរ​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​សហប្រជាជាតិ​គឺ​លោកស្រី នី​ក​គី ហា​ឡេ​យ៍ បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ថា វិធានការ​ពាក់កណ្ដាល​ដែល​បានដាក់​ទៅលើ​របប​កូរ៉េខាងជើង​គឺ​មិនទាន់បាន​អនុវត្ត​នៅឡើយ​ទេ​។​
​សូមបញ្ជាក់ថា សេចក្ដីសម្រេចចិត្ត​សហប្រជាជាតិ​នេះ​បានសម្រេច​បន្ថែម​ទណ្ឌកម្ម​ទៅលើ​ប្រទេស​កូរ៉េខាងជើង​មិន​ឲ្យ​នាំចូល​ឧស្ម័ន​ធម្មជាតិ​គ្រប់​ប្រភេទ​ទាំងអស់​។​
​សេចក្ដីសម្រេចចិត្ត​នេះ​ក៏បាន​ហាមឃាត់​គ្រប់​ប្រទេស​ទាំងអស់​មិន​ឲ្យ​ទទួលយក​កម្មករ​មក​ពី​ប្រទេស​កូរ៉េខាងជើង​ព្រមទាំង​ហាមឃាត់​មិន​ឲ្យ​ប្រទេស​កូរ៉េខាងជើង​នាំចេញ​គ្រឿង​វាយ​ន​ភណ្ឌ​ផងដែរ​ព្រោះ​ប្រភព​ទាំង​២​នេះ​គឺជា​កត្តា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រទេស​នេះ​៕