រាជធានីភ្នំពេញ ៖ លោក ស៊ុន ឆ័យ អភិបាលក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ នៅក្នុងសន្និសិទកាសែត កាលពីព្រឹកមិញបានប្រកាសទាត់ចោលនូវពាក្យសម្តីដែល គ្មានការសម្រេចចិត្តត្រឹមត្រូវរបស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញ ដែលថា CNRP នឹងមិនចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ ។ ប៉ុន្តែលោក ស៊ុន ឆៃ បានប្រកាសថា គណបក្សសង្គ្រោះជាតិ នឹងចូលរួមបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខនេះ។
លោក សុន ឆ័យ បានបញ្ជាក់ក្នុងសន្និសិទនោះថា គណបក្សសង្គ្រោះជាតិ មានទិសដៅតែ មួយទេ គឺឆ្ពោះទៅរកការបោះឆ្នោត នៅឆ្នាំ២០១៨ ហើយនេះជាបំណងប្រាថ្នារបស់គណបក្ស សង្គ្រោះជាតិ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចថា យើងនៅតែបន្តការងាររបស់យើងជាធម្មតា ។
លោក ស៊ុន ឆ័យ បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោកស្រី មួរ សុខហួរ ថា យើងសូម បញ្ជាក់ថា យើងមិនអាចទទួលយកសម្តី ជាឯកជនណាមួយដែលមិនមែនជាការសម្រេចរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ មិនមែនជាការសម្រេចរបស់គណៈកម្មាធិការ មិនមែនជាការ សម្រេចរបស់សមាជគណបក្សថាជាសម្តីឬក៏ទង្វើរបស់គណបក្សសង្គ្រោះជាតិបានទេ ។
ប្រតិកម្មរបស់លោក ស៊ុន ឆ័យ ត្រូវបានគេមើលឃើញថា ផ្ទៃក្នុង CNRP កំពុងមានការបែកបាក់ បន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំងមួយនេះ ។ ទន្ទឹមនោះក៏លេចឮ ព័ត៌មានថា ផ្ទៃក្នុងគណបក្សប្រឆាំងកំពុងបែងចែកជា២ក្រុម រវាងក្រុមគាំទ្រលោក សម រង្ស៊ី និងក្រុមគាំទ្រលោក កឹម សុខា ផងដែរ ៕