ហ្វីលីពីន ៖ ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់នៅក្នុងផ្នែកមួយចំនួនក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងបណ្តាខេត្តដែលនៅក្បែរៗនោះដោយបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ ហើយផ្សារហិរញ្ញវត្ថុ, ការិយាល័យរដ្ឋាភិបាល និងសាលារៀនជាច្រើនកន្លែងត្រូវបានបិទទ្វារ ខណៈដែលព្យុះបានវាយប្រហារនៅទូទាំងកោះលូហ្សុន។
ការិយាល័យអាកាសធាតុរបស់ប្រទេសហ្វីលីពីនបានព្រមានពីសញ្ញាខ្យល់ព្យុះដែលកើតឡើងទៅលើទីក្រុងម៉ានីល និងខេត្តចំនួន១៩ស្ថិតក្នុងកោះលូហ្សុន នៅពេលដែលព្យុះសីក្លូនត្រូពិចមានល្បឿនខ្យល់រហូតដល់ទៅ៦០គីឡូម៉ែត្រក្នុងមួយម៉ោងបានបង្កឲ្យមានការរអិលបាក់ដីនៅក្នុងភាគខាងកើតខេត្តកេហ្សុនកាលពីមុនពេលថ្ងៃត្រង់ម្សិលមិញនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ក្រុមអាជ្ញាធរបានបញ្ជាឲ្យជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងមួយចំនួនដែលត្រូវបានជន់លិចដោយសារទឹកជំនន់នៅក្នុងខេត្តកេហ្សុន និងខេត្តឡាហ្គូណា ដែលនៅទីនោះមានមនុស្ស១៣នាក់កំពុងបាត់ខ្លួន។
ការិយាល័យអាកាសធាតុបាននិយាយទៀតថា គេក៏កំពុងតែបន្តតាមដានព្យុះទីហ្វុងតាលីម ដែលមានល្បឿនខ្យល់រហូតដល់ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងបោកបក់ឆ្ពោះមកកាន់កោះលូហ្សុន នេះផងដែរ៕