ផ្ទុះ​អំពើហិង្សា​ក្នុង​ការតវ៉ា​ប្រឆាំងនឹង​កំណែទម្រង់​ច្បាប់​ការងារ​នៅ​បារាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2017 ក+ ក-

​ប៉ារីស ៖ កាលពី​ម្សិលមិញ​ក្រុម​សហជីព​បារាំង​ប្រមាណ​៦០,០០០​នាក់​បាន​ចូលរួម​ក្នុង​បាតុកម្ម​ក្នុង​ទីក្រុង​ប៉ារីស​តវ៉ា​ប្រឆាំង​ជំទាស់​នឹង​ការធ្វើកំណែទម្រង់​ច្បាប់​ការងារ​ថ្មី ស្នើឡើង​ដោយ​ប្រធានាធិបតី​បារាំង លោក អែម​ម៉ា​នុយ អែល ម៉ា​ក្រុង ព្រម​ពេល​ជាមួយគ្នា ប៉ូលិស​បារាំង​បានសម្រេច​ចិត្ត​ប្រើប្រាស់​ឧស្ម័ន​បង្ហូ​ទឹកភ្នែក ដើម្បី​បំបែកហ្វូង​បាតុករ ។ នេះ​បើតាម​សារព័ត៌មាន Sputnik ។​
​អំពើហិង្សា​នេះ​បាន​ផ្ទុះឡើង​បន្ទាប់ពី​ក្រុមបាតុករ​ស្លៀក​ឈុតខ្មៅ​មួយចំនួន បាន​ប៉ះទង្គិច​ជាមួយ​កម្លាំង​រក្សា​សណ្ដាប់ធ្នាប់ ដោយ​ពួកគេ បាន​ជេរប្រមាថ និង​គប់​គ្រាប់​បែកផ្សែង​ជាហេតុ​បង្ខំ​ឱ្យ​ប៉ូលិស​សម្រេចចិត្ត​ប្រើ​ឧស្ម័ន​បង្ហូ​ទឹកភ្នែក​បំបែកហ្វូង​បាតុករ​ទាំងនេះ​។ ទន្ទឹម​នោះ​ក្រុមបាតុករ​ស្លៀក​ឈុតខ្មៅ ក៏បាន​បំផ្លាញ​អគារ និង​បាញ់ថ្នាំ​ពណ៌​លើ​កាមេរ៉ា​សុវត្ថិភាព​នៅតាម​ដងផ្លូវ​ផងដែរ​។ ទោះបីយ៉ាងណា​ភ្លាមៗ​ពុំទាន់​មាន​សេចក្ដីរាយការណ៍​លម្អិត​ពី​អ្នករងរបួស ឬ​ត្រូវ​ចាប់ខ្លួន​នៅឡើយ​ទេ​។​
​ការធ្វើ​កំណែ​ទ្រ​មង់​ច្បាប់​ការងារ​ត្រូវបាន​លោក​ម៉ា​ក្រុង បង្ហើប​ជា​សាធារណៈ​កាលពី​ចុងខែ​សីហា​។ វិធានការ​នៃ​កំណែទម្រង់​នេះ មាន​គោលបំណង​ជំរុញ​កំណើនសេដ្ឋកិច្ច​បារាំង តាមរយៈ​ការសម្រួល​ដល់​និតិ​វិធី​បណ្ដេញ និង​ជួល​បុគ្គលិក ព្រមទាំង​អនុញ្ញាតឱ្យ​វិវាទ​ការងារ​មួយចំនួន ត្រូវ​ដោះស្រាយ ឬក៏​ចរចា​ដោយផ្ទាល់​នៅ​ថ្នាក់​ក្រុមហ៊ុន​។ ក៏ប៉ុន្តែ កំណែទម្រង់​នេះ ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​សហជីព​បារាំង ត្បិត​ពួកគេ​យល់ថា​វា​ធ្វើឱ្យប៉ះពាល់​ដល់​តុល្យភាព​រវាង​កម្មករ និង​និយោជក​៕