ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ បានប្រកាសនៅថ្ងៃពុធនេះថា អាមេរិកនឹងផ្អាក លែងចេញទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និងប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បាននិយាយថា នេះជាអំពើជាក់ស្តែងដែលបង្ហាញថា អាមេរិកមិនគោរពសិទ្ធិមនុស្ស។ ទោះជាយ៉ាងណា លោកបានបន្តថា កម្ពុជានៅតែសហការជាមួយអាមេរិក ក្នុងការពិភាក្សាបន្ថែមផ្នែកសិទ្ធិមនុស្ស និងលើកិច្ចព្រមព្រាងបញ្ជូនជនជាតិកម្ពុជាមកវិញ។
ក្នងពេលដដែលនេះដែរ ហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋខ្លួនដែលកំពុងស្នាក់នៅកម្ពុជា ឱ្យប្រុងប្រយ័ត្ន និងចាកចេញឱ្យឆ្ងាយពីកន្លែងដែលមានការប្រមូលផ្តុំ។
ជាមួយនឹងចំណងជើងក្នុងហ្វេសប៊ុកដែលសរសេរថា«សារសន្តិសុខសំរាប់ពលរដ្ឋអាមេរិក៖កំណើនភាពតានតឹងនិងវោហារប្រឆាំងអាមេរិក» ស្ថានទូតអាមេរិកនៅល្ងាចថ្ងៃ១៣កញ្ញានេះបានចេញសារព្រមានដល់ពលរដ្ឋខ្លួនដែលកំពុងរស់នៅក្នុង ឬកំពុងធ្វើដំណើរមកកម្ពុជា ថាដំណើរវិវត្តន៍សភាពការណ៍ចុងក្រោយនេះ រួមមានការចាប់ខ្លួនមេដឹកនាំនយោបាយម្នាក់ ការបណ្តេញអង្គការក្រៅរដ្ឋាភិបាលអាមេរិកមួយនិងបុគ្គលិករបស់អង្គការនេះ ព្រមទាំងវោហារសព្ទប្រឆាំងអាមេរិកចេញពីមន្ត្រី អាចបង្កភាពតានតឹងនៅក្នុងប្រទេសនេះ។
ឆ្លើយតបនឹងការអំពាវនាវនេះ លោក ផៃ ស៊ីផាន បានបញ្ជាក់ភ្លាមៗយ៉ាងដូច្នេះថា «ការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិកបែបនេះ គឺជាបំផ្លើសការពិត ហើយបំភ្លៃស្ថានការណ៍ពិត នៅក្នុងប្រទេសកម្ពុជាទាំងស្រុង ក្នុងគោលបំណងទុច្ចរិត ដែលរដ្ឋាភិបាលកម្ពុជា មិនអាចទទួលយកបាននោះទេ។ ការបង្ហោះព័ត៌មានបែបនេះ គឺជាការបំពុលបរិយាកាសនយោបាយពិត នៅក្នុងប្រទេសកម្ពុជា ខណៈដែលស្ថានភាពនយោបាយកម្ពុជា នៅតែដំណើរការធម្មតា គ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ»។
សូមជម្រាបថា ប្រតិកម្មដ៏ខ្លាំងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីស្ថានទូតអាមេរិក បានបង្ហោះនូវព័ត៌មានមួយ ឱ្យពលរដ្ឋខ្លួនចំពោះសន្តិសុខ នៅក្នុងប្រទេសកម្ពុជា។ ស្ថានទូតបានប្រកាសថា «ការអភិវឌ្ឍន៍ថ្មីៗដូចជាការចាប់ខ្លួនអ្នកនយោបាយជាដើម ការបណ្តេញអង្គការក្រៅរដ្ឋាភិបាលអាមេរិច និងបុគ្គលិកបរទេសរបស់ខ្លួន និងវោហាសាស្ត្រប្រឆាំងនឹងជនជាតិអាមេរិចដោយមន្ត្រីអាចបង្កើន ភាពតានតឹងជាទូទៅនៅក្នុងប្រទេស។ ទោះបីស្ថានទូតមិនមានព័ត៌មានច្បាស់លាស់ទាក់ទងនឹងការធ្វើបាតុកម្មឬបញ្ហាសន្តិសុខដែលបានគ្រោងទុកនៅពេលនេះក៏ដោយយើងសូមអំពាវនាវដល់ពលរដ្ឋអាមេរិកទាំងអស់ឱ្យប្រុងប្រយ័ត្ន»។
ចំណែកលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិយាយថា ក្រសួងការបរទេសកម្ពុជា កំពុងពិនិត្យមើលករណីនេះ៕