រ៉ង់ហ្គូន ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីល្ងាចមិញថា ក្រុមសកម្មប្រយុទ្ធអាល់កៃដា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យជនមូស្លីមទាំងអស់គាំទ្រដល់ ជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដែលកំពុងប្រឈមមុខនឹងអំពើហិង្សានៅក្នុងរដ្ឋរ៉ាឃីន និងព្រមានថា មីយ៉ាន់ម៉ា នឹងទទួលរងទណ្ឌកម្មយ៉ាងសាកសមទៅនឹងអំពើឧក្រិដ្ឋ ដែលខ្លួនបានប្រព្រឹត្ត។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមអាល់កៃដាបានព្រមានថា ការធ្វើទុក្ខបុកម្នេញយ៉ាងសាហាវឃោឃៅលើបងប្អូនមូស្លីមរបស់យើង… មិនត្រូវឱ្យវារំលងទៅដោយគ្មានការដាក់ទណ្ឌកម្មនោះទេ… ដូច្នេះយើងអំពាវនាវឱ្យជនមូស្លីមទាំងអស់ នៅក្នុងប្រទេសបង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន និងនៅហ្វីលីពីនចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយដល់បងប្អូនមូស្លីមរ៉ូហ៊ីងយ៉ារបស់យើង ព្រមទាំងជួយបណ្ដុះបណ្ដាលពួកគេឱ្យមាន លទ្ធភាពប្រឆាំងនឹងការគាបសង្កត់។
ជាមួយគ្នានោះក្រុមបណ្តាញភេរវកម្មអាល់កៃដាដែលសហរដ្ឋអាមេរិកចោទថា ជាមេខ្លោងនៅពីក្រោយការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ២០០១ បានជំរុញឱ្យអ្នកកាន់សាសនាអ៊ីស្លាម ឬជនមូស្លីមទាំងអស់នៅលើពិភពលោក ផ្ដល់ជំនួយដល់មូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមមានទាំងអាវុធ និងការគាំទ្រផ្នែកយោធាផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីជម្លោះរវាងយោធាមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ផ្ទុះឡើងកាលពីថ្ងៃទី ២៥ ខែសីហាមក បានបណ្ដាលឱ្យមនុស្ស ៤០០នាក់ ភាគច្រើនជារ៉ូហ៊ីងយ៉ាបានស្លាប់ និងជាង ៤០០,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ព្រំដែនប្រទេសបង់ក្លាដែស៕