ខេត្តកំពង់ធំ ៖ អគ្គិភ័យបានឆាបឆេះផ្ទះអាជីវករលក់ម៉ូតូមួយកន្លែងនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឆេះម៉ូតូអស់ចំនួន ៤០គ្រឿង និងទ្រព្យមួយចំនួនទៀត ដែលករណីនេះកើតឡើងនៅវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី១៣ ខែកញ្ញានេះ នៅតាមបណ្តោយផ្លូវជាតិលេខ៦។
នេះបើតាមលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានដឹកកម្លាំងនគរបាលចុះជួយអន្តរាគមន៍នៅកន្លែងកើតហេតុបានប្រាប់ថា មូលហេតុនៃអគ្គិភ័យនេះកើតឡើងដោយសារទុសេខ្សែភ្លើង។ ឧត្តមសេនីយ៍ទោបានបន្តថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ មានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថចូលរួមចំនួន៨០នាក់ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង អស់ទឹកចំនួន៥ជើង។
លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ក្រោយមានហេតុការណ៍ខាងលើនេះកើតឡើង លោកបានដឹកនាំកម្លាំងចុះទៅភ្លាមៗ ដោយបញ្ជូនរថយន្តពន្លត់ទឹក២គ្រឿង ដើម្បីបាញ់ពន្លត់ ប៉ុន្តែគួរឲ្យស្តាយដោយសារភ្លើងឆេះលឿនរហូតបំផ្លាញម៉ូតូដល់៤០គ្រឿង តែមិនបានរីករាលដាលដល់ផ្ទះក្បែរខាងនោះទេ៕