ខេត្តកំពត ៖ ជនដៃដល់ដែលបានសម្លាប់ស្ត្រីម្នាក់ដោយកាប់ជាច្រើនកន្លែង ហើយច្រកនៅក្នុងការ៉ុង រួចយកទៅបោះចោលនៅក្បែរប្រឡាយទឹក ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី១០ថ្ងៃមុននោះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវកម្លាំងនគរបាលខេត្តកំពតបានចាប់ខ្លួនហើយ។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ថា កម្លាំងនគរបាលរបស់លោក បានចាប់ជនដៃដល់បានហើយ និងកំពុងទំនាក់ទំនងជាមួយនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីទទួលយកទៅសួរនាំបន្តទៀត ចាត់ការតាមច្បាប់។ លោកបញ្ជាក់ថា ជនសង្ស័យរូបនេះឈ្មោះ ប៉ាត ចន្ទវត្ថា អាយុ៣០ឆ្នាំ ស្រុកកំណើតភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយសព្វថ្ងៃនៅផ្ទះលេខ៨២ ផ្លូវលេខ២ ភូមិ១០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ មុខរបរ រត់តាក់ស៊ី និងជានិពន្ធនាយកនៅមជ្ឈមណ្ឌលព័ត៌មានឆាយាអង្គរ ព្រមទាំងដកហូតរថយន្ត Highlander ពណ៌ស្ករ ស្លាកលេខ 2R-3182 PP នៅភោជនីយដ្ឋានហេងរស្មី មុនពេលទៅឃាត់ជនសង្ស័យ នៅរមណីដ្ឋាន ណាតាយ៉ា ក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៣ និង៣០រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ មានករណីឃាតកម្មដ៏ព្រៃផ្សៃលើស្ត្រីម្នាក់ ដែលត្រូវឃាតករកាប់លើផ្ទៃមុខជាច្រើនកាំបិត ហើយច្រកការ៉ុង យកមកថ្លុងចោល ក្បែរប្រឡាយទឹក ក្នុងស្រុកកំពង់ត្រឡាច តាមបណ្តោយផ្លូវជាតិលេខ៥៕