រាជធានីភ្នំពេញ ៖ ស្ថានទូតអាមេរិកកាលពីម្សិលមិញបានប្រកាសឱ្យពលរដ្ឋខ្លួនកំពុងរស់ នៅកម្ពុជាឲ្យប្រុងប្រយ័ត្ន ដោយបរិយាយថា ការអភិវឌ្ឍន៍ថ្មីៗ ដូចជាការចាប់ខ្លួននយោបាយជាដើម ការណ្តេញអង្គការក្រៅរដ្ឋាភិបាលអាមេរិក និងបុគ្គលបរទេសរបស់ខ្លួនរួមទាំងវោហាសាស្ត្រ ប្រឆាំងអាមេរិក ដោយមន្ត្រីអាចបង្កើនភាពតាន តឹងជាទូទៅក្នុងប្រទេស ។
ប៉ុន្តែភ្លាមៗ នោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានច្រានចោលការលើកឡើងបែបនេះ ហើយបានចាត់ទុកការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិកបែបនេះ គឺជាបំផ្លើសការពិត ហើយបំភ្លៃស្ថានការណ៍ពិត នៅក្នុងប្រទេសកម្ពុជាទាំងស្រុង ក្នុងគោលបំណងទុច្ចរិត ដែលរដ្ឋាភិបាលកម្ពុជា មិនអាចទទួលយកបាននោះទេ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា ការបង្ហោះព័ត៌មានបែបនេះ គឺជាការបំពុលបរិយាកាសនយោបាយពិត នៅក្នុងប្រទេសកម្ពុជា ខណៈដែលស្ថានភាព នយោបាយកម្ពុជា នៅតែដំណើរការធម្មតា គ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ ។
អ្នកវិភាគនយោបាយ និងមន្ត្រីការទូតបានចាត់ទុកការសម្រេចចិត្តរបស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាជាការបង្ហាញនូវការសងសឹកភ្លាមៗ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលរយះពេល ចុងក្រោយនេះ បានវាយប្រហារធ្ងន់ៗ ទៅលើប្រទេសមហាអំណាចមួយនេះ ។
ទន្ទឹមនោះឥរិយាបថរបស់ទូតអាមេរិកពេលនេះ បានបញ្ជាក់ថា អាមេរិកមិនសប្បាយចិត្ត ចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលជាកូនជឹងរបស់ខ្លួនក្នុង ការសម្រេចផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ៕