រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងឲ្យដឹងថា កម្ពុជាមានលុយគ្រប់គ្រាន់សម្រាប់ដំណើរការបោះឆ្នោត ។ ដូច្នេះមានន័យថា បើទោះបីគ្មានជំនួយពីបរទេស តួយ៉ាងដូចជំនួយអាមេរិក ក៏មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជាឡើយ ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងដូច្នេះនៅក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី៖ ដំណើរការប្រព្រឹត្តទៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះឆ្នោតនៅតាមឃុំ-សង្កាត់, លទ្ធផលបណ្ដុះអាសន្ននៃការចុះឈ្មោះបោះឆ្នោត និងការផ្សព្វផ្សាយស្ដីពី ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត កាលពីព្រឹកមិញ ។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា កន្លងមក អង្គការ USAID បានឧបត្ថម្ភរថយន្តចំនួន៦គ្រឿង ដល់ គ.ជ.ប ចំណែកអង្គការរបស់សហរដ្ឋអាមេរិកឈ្មោះ អាយហ្វេស ក៏បានដាក់ការិយាល័យនៅ គ.ជ.ប ជួយធ្វើការ គ.ជ.ប ផងដែរ ប៉ុន្តែបើគ្មានជំនួយពីបរទេសទាំងនោះ ក៏មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា និងមិនប៉ះពាល់ដល់ការងាររបស់ គ.ជ.ប ដែរ ៕