ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ ជ ប បានអនុញ្ញាតឲ្យមន្ត្រីទទួលបន្ទុកចុះឈ្មោះអ្នកបោះឆ្នោត នៅតាមឃុំសង្កាត់ ទាំង ១៦៤៦ ឃុំសង្កាត់ ទូទាំងប្រទេស បានឈប់ សម្រាក ដូចមន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនដែរ។ ដូច្នេះ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោតទាំងអស់ ត្រូវបិទទ្វាររយៈពេល៣ថ្ងៃ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ នាសប្តាហ៍ក្រោយ ហើយការ ចុះឈ្មោះ នឹងចាប់ដំណើរការឡើងវិញ នៅក្រោយថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប បានថ្លែងបន្ទាប់ពីសន្និសីទកាសែត នៅទីស្នាក់ការកណ្តាល គជប កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នេះថា “ពេលភ្ជុំបិណ្ឌ ជាថ្ងៃបុណ្យជាតិ ដែលកំណត់ក្នុងប្រតិទិនរបស់រាជរដ្ឋាភិបាល ។ សម្រាប់ គ ជ ប បានអនុញ្ញាតឲ្យមន្ត្រីរបស់ខ្លួន មានការឈប់សម្រាក ដូចប្រជាពលរដ្ឋ មន្ត្រីរាជការទូទៅដែរ។ ដូច្នេះ ៣ ថ្ងៃនៃពេលភ្ជុំបិណ្ឌនេះ គឺមន្ត្រីនៃក្រុមចុះឈ្មោះអ្នកបោះឆ្នោតទាំងអស់ ត្រូវបានឈប់សម្រាក រហូតដល់ថ្ងៃបញ្ចប់ពិធីបុណ្យ។
សូមជម្រាបថា រយៈពេល១៣ថ្ងៃដំបូងនៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋបានទៅចុះឈ្មោះថ្មីចំនួន៨៥.៩៧៩នាក់ ហើយ និងមានអ្នកដែលត្រូវលុបឈ្មោះចេញចំនួន២៩៦នាក់៕