ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបង្ហើបឱ្យដឹងថា គណបក្សសង្គ្រោះជាតិ អាចចែកផ្លូវគ្នាវិលទៅរកទ្រនំចាស់រៀងៗខ្លួនវិញ គឺអ្នកខ្លះទៅរកគណបក្សសម រង្ស៊ី ដែលបានប្តូរឈ្មោះ ទៅជាគណបក្សភ្លើងទៀន និងអ្នកខ្លះទៅរកគណបក្សសិទិ្ធមនុស្ស។
លោក ខៀវ សុភ័គ បានថ្លែងប្រាប់កាសែតក្នុងស្រុកថា គណបក្សទាំងពីនេះ អាចនឹងចូលរួមបោះឆ្នោតឆ្នាំក្រោយបាន ហើយសមាជិករបស់បក្សទាំងពីរ ដែលបានរួមគ្នាបង្កើតបក្សសង្គ្រោះជាតិ ដែលអាចនឹងរំលាយចោល ដោយសារមេបក្សនេះ គឺលោក កឹម សុខា ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិនោះ ដូច្នេះបន្ទាប់ពីនោះទៅ ពួកគេអាចចែកចាន ចែកឆ្នាំងគ្នាវិលទៅរកទ្រនំចាស់រៀងៗខ្លួនវិញ។
បើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្លាប់បានបញ្ជាក់ថា បើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមែននោះ តំណែងដែលកើតចេញពីការបោះឆ្នោត នៃកូតាគណបក្សសង្គ្រោះជាតិទាំងអស់ រាប់តាំងពីក្រុមប្រឹក្សាឃុំ-សង្កាត់, ស្រុក-ខណ្ឌ-ក្រុង, រាជធានី-ខេត្ត រហូតដល់សមាជិករដ្ឋសភា ព្រឹទ្ធសភា ក៏ត្រូវរលាយដែរ៕