បាកដាដ ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកនេះបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះចំនួនមនុស្សស្លាប់បានកើនឡើងរហូតដល់៨៣នាក់ហើយ ខណៈ៩៣នាក់រងរបួសនៅក្នុងសកម្មភាពវាយប្រហារដោយបំផ្ទុះរថយន្ត និងបាញ់រះនៅក្បែរទីក្រុង ណាស្រ៊ីយ៉ាហ៍ (Nasriyah) ក្នុងខេត្ត ឌីការ (Dhi Qar) ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ កាលពីម្សិលមិញ។
ប្រធាននាយកដ្ឋានសុខាភិបាលប្រចាំខេត្តខាងលើបានប្រាប់ឲ្យដឹងថា «តួលេខនៃចំនួនអ្នករងគ្រោះចុងក្រោយបំផុត ដោយសារហេតុការណ៍វាយប្រហារដោយបំផ្ទុះរថយន្ត និងបាញ់រះនៅតំបន់ ហ្វាដាក់ (Fadak) ក្នុងខេត្ត Dhi Qar បានកើនដល់ ៨៣នាក់ស្លាប់ និង ៩៣នាក់របួស ស្របពេលដែលមនុស្សជាច្រើននាក់ទៀត ក្នុងចំណោមនោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង»។
សកម្មភាពពាក់ព័ន្ធគ្នាទាំងពីរករណី បានកើតឡើងនៅពេលដែលខ្មាន់កាំភ្លើងមួយក្រុមបានសម្រុកចូលវាយប្រហារទៅលើអាហារដ្ឋានមួយកន្លែង ក្នុងតំបន់ Fadak ភាគខាងលិចក្រុង Nasriyah ដែលនៅប្រមាណ ៣៧៥គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងបាកដាដ ខណៈរថយន្តបង្កៃគ្រាប់បែកមួយគ្រឿង ត្រូវបានគេបំផ្ទុះនៅប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង នៅមិនឆ្ងាយប៉ុន្មានពីអាហារដ្ឋាន ដែលបានរងការវាយប្រហារ។
ទោះយ៉ាងណាក្រោយមកក្នុងថ្ងៃដដែល ក្រុមភេរវករ ISIS បានចេញមុខអះអាង តាមបណ្តាញសារព័ត៌មានរបស់ខ្លួនថា ជាអ្នកនៅពីក្រោយខ្នងនៃទង្វើនេះ៕