ប្លន់​ប្រដាប់អាវុធ​ទ្រង់ទ្រាយ​ធំ​ក្នុង​ផ្សារ​ស្ទោង យក​អស់​គ្រឿងអលង្ការ​ជាង​១០០​តម្លឹង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2015 ក+ ក-

​ខេត្តកំពង់ធំ​៖ ខ្មាន់កាំភ្លើង​៦​នាក់ មាន​អាវុធ​អាកា​គ្រប់​ដៃ​បានធ្វើ​សកម្មភាព​ប្លន់​ទ្រង់ទ្រាយ​ធំ​វាយកម្ទេច​ទូល​ក់មាស និង​ប្តូរប្រាក់​របស់​អាជីវក​រ​នៅក្នុង​ផ្សារ​ស្ទោង ប្រមាណ​៥​ទូ ប្រមូលយក​គ្រឿងអលង្ការ​សរុប​ប្រមាណ​ជាង​១០០​តម្លឹង ហើយ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​

​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​រសៀល​ម៉ោង​៤​ល្ងាច ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​កំពង់ក្ដី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​មន្ត្រីនគរបាល​ស្រុក​ស្ទោង បាន​ឲ្យ​ដឹងថា ម្ចាស់​តូប​រងគ្រោះ ទាំង​៥​ទូ​នោះ រួមមាន​៖ ទី​១.​ឈ្មោះ ឆ​ង ឡូ​ន​, ទី​២.​ឈ្មោះ ហុង ផា​រី​, ទី​៣.​ឈ្មោះ អ៊ឹង ប៊ុន​ឆាយ ប្លន់​យក​មាស​ប្លា​ទីន ១០ ខ្សែ​, ទី​៤.​ឈ្មោះ អ៊ួ​ន ស៊ី​ចាន់ ជា​ម្តាយ និង​ទី​៥.​ឈ្មោះ អុង សោ​ហ៊ួ​យ ជា​កូនស្រី បាន​បាត់បង់​មាស ជា​គ្រឿងអលង្ការ ជាង ១០០ តម្លឹង និង​ម៉ូតូ​ហុងដា សេ​១២៥ ស៊េរី​០១២ មួយគ្រឿង​។​

​មន្ត្រីនគរបាល​បន្តទៀត​ថា មុនពេល​កើតហេតុ មាន​ក្រុមចោរ ចំនួន​៦​នាក់ បាន​បន្លំ​ខ្លួន​ធ្វើជា​អ្នកទិញ​មាស លុះ​ឱកាស​ស្ងាត់ ក៏​យក​កាំភ្លើង​អាកា​ចំនួន​៦​ដើម​ចេញ​ភ្ជង់​ម្ចាស់​ទូ​មាស​៥​កន្លែង​ជាប់ៗ​គ្នា​ព្រមទាំង​បាន​វាយ​បំបែក​ទូ​យក​មាស​បានសម្រេច ហើយ​រត់គេចខ្លួន​ទៅ​បាត់​។​

ក្រោយពី​ក្រុមចោរប្លន់​ប្រដាប់អាវុធ បានធ្វើ​សកម្មភាព​ប្លន់​រួច លោក​បាន​សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក និង​កម្លាំង​ផ្នែក​សឹក​រង​ស្រុក​ស្ទោង និង​កម្លាំង​អធិការ ចុះ​តាម​យ៉ាង​ប្រកិត ពីក្រោយ​ក្រុមចោរ ទាំង​៦​នាក់​នោះ​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា មុខសញ្ញា​ចោរ​ទាំងនេះ បាននាំគ្នា​រត់ មក​ផ្នែក​ខាងក្រោម នៃ​បឹង​ទន្លេសាប រហូតមកដល់​វេលា​ម៉ោង ១០​យប់ ថ្ងៃកើតហេតុ សមត្ថកិច្ច​កំពុងតែ​ហ៊ុមព័ទ្ធ​ព្រៃរនាម​នៅឡើយ ដោយ​សង្ស័យថា ក្រុមចោរ​បាន​លាក់ខ្លួន​នៅក្នុង​ព្រៃ​លិច​ទឹក​នេះ​។​

ចំណែក​លោក​វរសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការរង​ទទួល​ព្រហ្មទណ្ឌ​បាន​ដឹកនាំ​កម្លាំង​ព័ទ្ធ​នៅ​ឃុំ​ប្រឡាយ ព្រមទាំង​កម្លាំង​ដទៃទៀត​បាន​ស្ទាក់​គ្រប់​ច្រកល្ហក ដើម្បី​ចាប់​ឧក្រិដ្ឋជន​ទាំងនេះ​មក​ផ្ដន្ទាទោស​តាមច្បាប់​ឲ្យ​ខាងតែបាន​៕
Gold-robbers_9_3_15-2

ទូលក់មាស ​និងប្តូប្រាក់ដែលក្រុមប្លន់វាយកម្ទេច