សម្តេច ហ៊ុន សែន បញ្ជាឲ្យអភិបាលខេត្តកំពតដកស្លាកឈ្មោះដែលប្តូរពី «រមណីយដ្ឋានភ្នំបូកគោ» ទៅជា «រមណីយដ្ឋានសុខា» មុនម៉ោង១១ថ្ងៃនេះ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឲ្យអភិបាលខេត្តកំពត ដកស្លាកឈ្មោះដែលប្តូរពី «រមណីយដ្ឋានភ្នំបូកគោ» ទៅជា «រមណីយដ្ឋានសុខា» មុនម៉ោង១១ថ្ងៃនេះ (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧)។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានឲខ្ញុំដឹងពីការដូរឈ្មោះ រមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជារឲអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សា ឈ្មោះដើមជាដាច់ខាត»៕