រាជធានីភ្នំពេញ ៖ គណបក្សហ្វ៊ុនស៊ិនប៉ិចបានកំណត់ពេលចន្លោះពី១០ ទៅ២០ថ្ងៃ ដើម្បីធ្វើការផ្លាស់ប្តូរ ស្លាកសញ្ញា គណបក្សថ្មីនៅទូទាំងប្រទេស ឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយដែលទើបនឹងចូលជាធរមានកន្លងទៅថ្មីៗនេះ។ នេះបើតាមការអះអាង របស់ លោក ញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។
លោក ញ៉េប ប៊ុនជិន បានឱ្យដឹងថា ការកំណត់រយៈពេលនេះ គឺគិតចាប់ពីថ្ងៃដែលគណបក្សរៀបចំសមាជ កាលពីម្សិលមិញ ដោយក្នុងនោះគណបក្សគ្រោង នឹងចំណាយប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើការដំឡើងស្លាកគណបក្សថ្មីនៅទូទាំងប្រទេសកម្ពុជាតែម្តង។
សូមរម្លឹកថា គណបក្សហ្វ៊ុនស៊ិនប៉ិចបានរៀបចំសមាជកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ ដោយសម្រេចឱ្យដករូបសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ចេញពីស្លាកសញ្ញាគណបក្ស ដើម្បីឲ្យសមស្របទៅតាមច្បាប់ស្តីពី គណបក្សនយោបាយថ្មី។
សូមបញ្ជាក់ថា ច្បាប់គណបក្សនយោបាយថ្មីៗនេះ មិនអនុញ្ញាតឱ្យ គណបក្សនយោបាយណាមួយ នៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់ឈ្មោះ ឬរូបរបស់ រូបវ័ន្តបុគ្គល នៅក្នុងឈ្មោះឬរូបសញ្ញា គណបក្សឡើយ៕