ខេត្តសៀមរាប ៖ សមត្ថកិច្ចស្រុកជីក្រែង ខេត្តសៀមរាបបានចាប់ខ្លួនអ្នកកាសែតម្នាក់ ឈ្មោះ អ៊ុំ ហុង ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិសក្ដដា ឃុំបឹងមាលា ស្រុកស្វាយលើ កាន់កាតសារព័ត៌មានយុវជនថ្មី ដែលហួសសុពលភាព។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលម្សិលមិញនៅចំណុចភូមិខ្វាវ ស្រុកជីក្រែង ខណៈដែលអ្នកកាសែតរូបនោះ កំពុងឈរសុំលុយពីឈ្មួញដឹកគ្រែតាមរ៉ឺម៉ក់ ។
ដោយឡែកបើតាមប្រជាពលរដ្ឋបានរាយការណ៍ថា នៅក្នុងឃុំខ្វាវមានឈ្មួញសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងអនាធិបតេយ្យបំផុត ដូចជាមេឈ្មួញដុះស្លែឈ្មោះ សុខ និងមេកន្ទ្រាញឈ្មោះ យាយណៃ និងមានអ្នកផ្សេងៗទៀតដែលសមត្ថកិច្ចមិនហ៊ានបង្ក្រាប បើទោះបីជាមានស្នាក់ការសមត្ថកិច្ច និងមន្ត្រីជំនាញនៅបណ្ដាក់គ្នាដូចខ្យងនៅតាមដងផ្លូវយ៉ាងណាក៏ដោយចុះ។
ទោះបីយ៉ាងណា លោក សុខ សុទ្ធាវុធ អធិការស្រុកជីក្រែង បានប្រាប់អ្នកសារព័ត៌មានថា អ្នកកាសែតរូបនោះនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕