រាជធានីភ្នំពេញ ៖ ក្រុមមេធាវីការពារក្តីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៥ ខែកញ្ញានេះ បានដាក់ពាក្យស្នើសុំទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ដើម្បីឲ្យមានវត្តមានលោក កឹម សុខា ក្នុងសវនាការនោះ ។ ដោយឡែកតំណាងរាស្ត្របក្សប្រឆាំងនៅថ្ងៃនេះក៏បានប្រកាសថា ពួកគេនឹងចូលរួមស្តាប់សវនាការនោះផងដែរ ។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រកាសថា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នឹងចូលរួមស្តាប់សវនាការលោក កឹម សុខា នៅសាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ។
ការប្រកាសរបស់ លោក សុន ឆ័យ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតរបស់គណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការកណ្តាលគណបក្សនេះ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។ ជាមួយគ្នានេះ លោក សុន ឆ័យ បានលើកឡើងទៀតថា គណបក្សសង្គ្រោះជាតិ បានសម្រេចលើកស្លាកស្នើសុំឱ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្ស ដោយគ្មានលក្ខខណ្ឌ នៅស្នាក់ការនានារបស់បក្សសង្គ្រោះជាតិ ទូទាំងប្រទេស ៕