ខេត្តព្រះវិហារ៖ក្រុមសិល្បករសម្តែងក្នុង«កម្ម វិធីនាទីដើម្បីយុទ្ធជន»របស់ស្ថានីយទូរទស្សន៍ បាយ័នបានជួបឧប្បត្តិវហេតុគ្រោះថ្នាក់មួយនៅលើផ្លូវឡើងទៅកាន់ភ្នំទ្រព្យ ជាទីកន្លែងដែលពួកគេត្រូវសម្តែង ជូនវិរៈកងទ័ពការពារព្រំដែនទិសប្រាសាទព្រះវិហារ ដោយរថយន្តរបស់ក្រុមសិល្បករនោះ បានរលត់ម៉ាស៊ីន ពេលឡើងចំណោត ហើយក៏រអិលថយក្រោយវិញ។
ក្នុងហេតុការណ៍ដ៏អាក្រក់នោះ មិនបង្កឲ្យសិល្បករណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិត ឬរងរបួសធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែមានរបួសបន្តិចបន្តួចប៉ុណ្ណោះ។
តារាចម្រៀង នាង ឈួន សុវណ្ណឆៃ បានរៀបរាប់អោយដឹងថា គ្រោះថ្នាក់នោះបានកើតឡើង កាលពីថ្ងៃទី១០ ខែកញ្ញា នៅពេលក្រុមការងារពួកនាងធ្វើដំណើរតាមរថយន្តឡើងទៅលើខ្នងភ្នំទ្រព្យដែលជាទីតាំងថតកម្មវិធីអោយស្ថានីយទូរទស្សន៍បាយ័ន សម្រាប់ធ្វើការចាក់ផ្សាយនាឱកាសបុណ្យភ្ជុំបិណ្ឌ។
នាងអះអាងថា នៅពេលឃើញរថយន្តមានបញ្ហាដូច្នេះ ក្រុមការងារមួយចំនួន ភ័យស្លន់ស្លោ និងបានលោតចេញពីរថយន្ត ខ្លះទៀតធ្លាក់ដួលនៅលើផ្លូវ។
ដោយឡែកសម្រាប់រូបនាង និងសិល្បករមួយចំនួនទៀត មិនបានលោតចេញពីរថយន្តនោះទេ គឺបានក្រាបនៅក្នុងរថយន្ត ទើបបណ្តាលអោយបោកក្បាល និងថ្លោះដៃថ្លោះជើង ដោយសារប៉ះទង្គិចជាមួយរថយន្ត។
តារាចម្រៀងស្រីចាស់វស្សារូបនេះ បានបញ្ជាក់ថា ជាសំណាងហើយ ដែលអ្នកបើកបររថយន្ត មានបច្ចេកទេសខ្ពស់ដោយចាប់ហ្វ្រាំងបន្តិចម្តងៗ កាច់ចង្កូតបង្វែរទិសទៅផ្អឹបនឹងផ្ទាំងថ្ម បើមិនដូច្នេះទេ រថយន្តដែលពួកនាងជិះ ត្រូវធ្លាក់ចូលជ្រោះបាត់ទៅហើយ។
នាង ឈួន សុវណ្ណឆៃ បានបញ្ជាក់ថា សិល្បករសិល្បការិនី ដែលរួមដំណើរជាមួយនាងនោះ មាន ដូចជា៖ លោក យក់ ដួងតារា នាង កែវ ច័ន្ទសម្ផស្ស លោក មាស សារិទ្ធ នាង ភារ៉ាត់ តន្ត្រីករជើង ចាស់ លោកគ្រូបា អ្នកស្រី ហែម សុវណ្ណ រួមនឹងក្រុមការងាររបស់ស្ថានីយទូរទស្សន៍បាយ័នមួយចំនួនទៀតតែពួកគាត់បានរងបួសស្រាល។ ដោយឡែក រូបនាងមានរបួសនៅត្រង់ក្បាលបន្តិច និងថ្លោះជើងប៉ុណ្ណោះមិនមានអ្វីធ្ងន់ធ្ងរប៉ុន្មានទេ៕
ក្រុមសិល្បកររបស់ស្ថានីយទូរទស្សន៍បាយ័នជួបគ្រោះថ្នាក់លើផ្លវឡើងភ្នំទ្រព្យ