រាជធានីភ្នំពេញ ៖ លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា បើគ្មានវត្តមានជនត្រូវចោទ កឹម សុខា ក៏មិនប៉ះពាល់នីតិវិធីដែរ ព្រោះជាសវនាការមុនអង្គសេចក្តីពោលគឺការសុំនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ ។ ការថ្លែងបែបនេះ បន្ទាប់ពីក្រុមមេធាវីលោក កឹម សុខា បានដាក់ពាក្យស្នើសុំទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ឲ្យមានវត្តមានជនត្រូវចោទ កឹម សុខា ក្នុងសវនាការនាថ្ងៃស្អែក ។
យោងតាមលិខិតស្នើសុំទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ដែលចុះហត្ថលេខាដោយមេធាវី៧រូប បញ្ជាក់ថា ក្រុមមេធាវី ចង់ឱ្យមានវត្តមានលោក កឹម សុខា នៅចំពោះមុខសភាស៊ើបសួរសាលាឧទ្ធរណ៍ ដោយបានលើកហេតុផលសំខាន់ចំនួន៣ចំណុច ដើម្បីចៀសវាងប៉ះពាល់ផលប្រយោជន៍ស្របច្បាប់របស់កូនក្ដី។
លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានថ្លែងបញ្ជាក់ភ្លាមៗ ថា តាមស្មារតីសាលាឧទ្ធរណ៍គឺចង់ឱ្យមានវត្តមានជនត្រូវចោទ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមសវនាការ នាព្រឹកថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ។ ប៉ុន្តែប្រសិនបើគ្មានវត្តមានជនត្រូវចោទ កឹម សុខា ក៏មិនប៉ះពាល់នីតិវិធីដែរ ព្រោះជាសវនាការមុនអង្គសេចក្តី ពោលគឺការសុំនៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ។
លោក ទូច ថារិទ្ធិ សង្កត់ធ្ងន់ថា ពាក់ព័ន្ធបញ្ហាសន្តិសុខ សុវត្ថិភាព របស់ជនត្រូវចោទ កឹម សុខា គឺជាសមត្ថកិច្ចរបស់អគ្គនាយកពន្ធនាគារ ជាអ្នកទទួលខុសត្រូវ ហើយការសួរដេញដោលនេះគឺពុំចាំបាច់ចំពោះមុខទេ ដែលអាចឱ្យក្រុមប្រឹក្សាជំនុំជម្រះ អាចសម្រេចអំពីការឱ្យនៅក្រៅឃុំ ឬមិនឱ្យនៅក្រៅឃុំបាន ៕