រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានថ្លែងបញ្ជាក់ប្រាប់ សារព័ត៌មានក្នុងស្រុកថា ប្រសិនបើគណបក្សសង្គ្រោះជាតិ សម្រេចដាក់ស្លាកសញ្ញា នៅតាមគ្រប់ស្នាក់ ការបក្ស នៅទូទាំង រាជធានី-ខេត្ត ដើម្បីស្នើសុំឲ្យ មានការដោះលែងលោក កឹម សុខា នោះគឺគណបក្សប្រឆាំងមួយនេះ កំពុងដើរចូលជុចដោយខ្លួនឯងហើយ ហើយកុំបន្ទោសអ្នកណាឲ្យសោះ ។
លោក សុខ ឥសាន បានលើកឡើងថា ថ្នាក់ដឹកនាំបក្សប្រឆាំង បានប្រជុំដាក់ផែនការ ឲ្យគណប្រតិបត្តិ គណបក្ស គ្រប់ខេត្ត ក្រុងលើកបដាតវ៉ាឲ្យតុលាការដោះលែង ឯឧ កឹម សុខា នៅទូទាំងប្រទេស ។ នេះសបញ្ជាក់ថា គណបក្សប្រឆាំងទាំងមូលកំពុងតែចូលរួមក្នុង ចលនាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដូច លោក កឹម សុខា ដែរ មិនអាចប្រកែកបានឡើយ ។
អ្នកនាំពាក្យ CPP បានអះអាងថា ប្រសិនបើដូច្នេះ គណបក្សសង្គ្រោះជាតិ នឹងត្រូវប្រឈម ចំពោះ មុខច្បាប់ ស្តីពីគណបក្សនយោបាយហើយ ហើយត្រូវតែទទួលខុសត្រូវខ្លួនឯង មិនអាចបន្ទោស លើអ្នកដទៃ ប្ញគណបក្សដទៃបានទេ ។ លោកបន្តថា បើក្រសួងមហាផ្ទៃ យល់ឃើញថា គណបក្ស ប្រឆាំងមានពិរុទ្ធភាព ចំពោះមាត្រាណាមួយនៃច្បាប់ស្តីពី គណបក្សនយោបាយ ក្រសួងមហាផ្ទៃមាន សិទ្ធិធ្វើសំណើរទៅតុលាការកំពូល ដើម្បីពិនិត្យនិងពិចារណាសម្រេចលើពិរុទ្ធភាពនោះបាន ។
ការលើកឡើងរបស់លោក សុខ ឥសាន មានន័យថា គណបក្សសង្គ្រោះជាតិ កំពុងប្រឈមមុខ នឹងការរំលាយចោល ប្រសិនបើគណបក្សនេះអនុវត្តតាមផែនការដែលបានថ្លែងដោយលោក ស៊ុន ឆ័យ កាលពីព្រឹកមិញ ក្នុងសន្និសិទកាសែតនៅទីស្នាក់ការកណ្តាលគណបក្ស ៕