រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រឡាយនិងលូ មួយចំនួនពិតជាត្រូវបានប្រជាពលរដ្ឋរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ មិនមែនចេះតែឃើញដៃយកដៃ ឃើញជើងយកជើងនោះទេ ពោលគឺយើងត្រូវដោះស្រាយ ជាមួយពួកគាត់តាមសម្រួល ទៅតាមអ្វីដែលយើងអាចធ្វើបាន ។
យ៉ាងណាក៏ដោយ លោក ឃួង ស្រេង បានថ្លែងអះអាងថា សកម្មភាពស្តារ កាយប្រឡាយដើម្បីរំដោះទឹកជាការងារមួយដាច់ខាត ត្រូវតែធ្វើដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់នេះ ដោយមិនទុកឲ្យស្ថានភាពដដែលៗនេះនៅបន្តអូសបន្លាយទៀតឡើយ ។
ទន្ទឹមនោះលោកអភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញឲ្យមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្រង់ស្ថិតិឲ្យបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋ និងអ្នកមានប្រាក់មួយចំនួន ដែលរំលោភយកដីចំណីប្រឡាយ ចាក់ដីក្នុងប្រឡាយនិងបញ្ជាក់ពីទំហំប្រឡាយឲ្យបានច្បាស់ ពីចំណុចមួយទៅចំណុចមួយ ហើយផ្ញើទៅឲ្យលោកជាបន្ទាន់ ដើម្បីឲ្យលោកអាចជម្រុញ ការងារនេះបានលឿន បំពេញទៅតាមសំណូមពរដែលប្រជាពលរដ្ឋចង់បាន ៕