នាយករដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​រំលាយ​សភា និង​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2017 ក+ ក-

​តូ​ក្យូ ៖ សារព័ត៌មាន BBC ចេញផ្សាយ​ថា នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន ហ្សូ​អា​បេ កាលពី​ម្សិលមិញ​បានប្រកាស​រំសាយ​សភា​ជាន់​ទាប និង​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​សភា​មុន​អាណត្តិ​ក្នុង​បរិបទ​ភាព​តានតឹង​ជាមួយ​កូរ៉េខាងជើង​កាន់តែ​កើនឡើង ខណៈ​រូបលោក​កំពុង​ជាប់ផុង​នឹង​រឿងអាស្រូវ​ជួយ​មិត្តភក្តិ​ម្នាក់​នៅក្នុង​ការរកស៊ី​ដែល​បានធ្វើឱ្យ​លោក​បាត់បង់​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ពី​ប្រជាជន​ជប៉ុន​។
​ថ្លែង​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​ក្នុង​ទីក្រុង​តូ​ក្យូ លោក អា​បេ បាន​បញ្ជាក់ថា ៖ «​ខ្ញុំ​នឹង​រំលាយ​សភា​ជាន់​ទាប​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ហើយ​ការសម្រេចចិត្ត​ភ្លាមៗ​បែបនេះ​ធ្វើឡើង​តាម​ឆន្ទៈ​នៃ​ការសាកសួរ​របស់​ប្រជាជន​ជប៉ុន​ស្ពី​ពី​សកម្មភាព​របស់ខ្ញុំ ជាពិសេស​វិស័យសេដ្ឋកិច្ច​»​។ ជាងនេះទៅទៀត នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ បានស្នើ​ឡើង​នូវ​ផែនការ​អនុម័ត​ថវិកាជាតិ ប្រមាណ​ជា ២០០០​ពាន់​លាន​យ៉េន ឬ​ស្មើនឹង​១៧.៨​ពាន់​លាន​ដុល្លារ សម្រាប់​វិស័យ​អប់រំ និង​ហិរញ្ញវត្ថុ​សាធារណៈ ហើយ​មិនតែប៉ុណ្ណោះ​លោក​ក៏បាន​បង្ហាញ​ពី​គោលជំហរ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ទីក្រុង​ព្យុងយ៉ាង​ផងដែរ​។ «​យើង​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​ដាក់​សម្ពាធ​ជា​អតិ​បរា​ម៉ា​លើ​កូរ៉េខាងជើង​»​។
​បើទោះជា​លោក អា​បេ មិនបាន​កំណត់​ថ្ងៃ​ជាក់លាក់​នៃ​ការបោះឆ្នោត​សភា​មុន​អាណត្តិ​ក៏ដោយ ក៏ប៉ុន្តែ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក តាមរយៈ​ការប្រកាស​រំ​លោ​យស​ភា របស់លោក នឹង​បើកផ្លូវ​ឆ្ពោះទៅរក​ការបោះឆ្នោត​នៅ​រយៈពេល​៤០​ថ្ងៃ​បន្ទាប់ ឬ​គួរតែ​អាច​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២២ ខែតុលា ខាងមុខនេះ បន្ទាប់ពី​សភា​ជាន់​ទាប​ត្រូវ​ប្រកាស​រំលាយ​នៅ​ថ្ងៃ បើក​សម័យប្រជុំ​ពេញអង្គ​សភា នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​៕