កម្លាំងយោធា​ការពារ​ដី​ឧកញ៉ា ឃុន សៀ វាយ​ប្រជាពលរដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2015 ក+ ក-

​ភ្នំពេញ​: ក្រុម​យោធាដែល​យាម​ដី​អោយ​ លោក​ឧកញ៉ា ឃុន សៀ បាន​ព្រួត​គ្នា​វាយ​ទៅលើ​ប្រជាពលរដ្ឋ បណ្តាលអោយ​បែកក្បាល និង​រងរបួស​។​

ការប្រើ​អំពើហិង្សា​នេះ បានកើត​ឡើង ដោយសារតែ​ប្រជាពលរដ្ឋ បានធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ ដែល​លោក​ឧកញ៉ា​ឃុន សៀ បាន​បិទ និង​ដាក់​កម្លាំង​ការពារ​។​
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមីនា នេះ នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

បន្ទាប់ពី​មាន​អំពើហិង្សា ប្រជាពលរដ្ឋ​បាននាំគ្នា​តវ៉ា នៅមុខ​សាលាខណ្ឌ​មានជ័យ ដោយបាន​លើក​បដា​តវ៉ា​។​

​សូមជម្រាបថា ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​តា​គង់​២ និង​ភូមិ​ព្រែក​តា​គង់​៣ ដែល​ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ បាននាំគ្នា​ធ្វើបាតុកម្ម ប្រឆាំង​តវ៉ា ជាមួយ​លោក​ឧកញ៉ា ឃុន សៀ ធ្វើ​របង​ស័ង្កសី បិទផ្លូវ​ប្រជាពលរដ្ឋ មិន​ឲ្យ​ធ្វើដំណើរ ដោយសារ​តែមាន ឧកញ៉ា ឃុន សៀ​។ ការធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ គឺមាន​ការដុត​កង់ឡាន និង​លើក​បដា ស្រែក​តវ៉ា​ទាមទារ ឲ្យ​ក្រុមហ៊ុន​បើកផ្លូវ​។ រហូតមកដល់​ពេលនេះ នៅ​មិនទាន់ មាន​ដំណោះស្រាយ នៅឡើយ​ទេ​។​

នៅក្នុង​ការធ្វើ​បាតុកម្ម ប្រជាពលរដ្ឋ បាន​សម្តែង​ការខឹង​សម្បា​យ៉ាងខ្លាំង ដោយបាន​ដុត​កង់ឡាន និង​ទាញ​ផ្តួលរំលំ របង​ស័ង្កសី​បិទផ្លូវ មិន​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​។ ចំណែក​លោក​ឧកញ៉ា បានដាក់​កងកម្លាំង​មួយចំនួន នៅក្នុង​ដី​ដោយ​ខ្លាច​មាន​ប្រជាពលរដ្ឋ សម្រុកចូល​។​

យោងតាម​លិខិត​របស់លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ ផ្ញើជូន​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រែក​តា​គង់​២ និង​ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ប្រមាណ​៥០​នាក់ ស្នើសុំ​អាជ្ញាធរ ជួយ​អន្តរាគមន៍ បើកផ្លូវ​ទទឹង ១០ ម៉ែត្រ ត​ភា្ជ​ប់​ពី​ផ្លូវ​ភូមិ មក​មហាវិថី​សម្តេច ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) កាត់​លើដី​កម្មសិទ្ធិ របស់លោក ឃុន សៀ និង​លោក ធាង ទ្រី តែ​ការស្នើសុំ​នេះ ពុំទាន់​មានការ​ព្រមព្រៀង ពី​ម្ចាស់​កម្មសិទ្ធិ​នៅឡើយ​ទេ​។​

តំណាង​ប្រជាពលរដ្ឋ បាន​និយាយថា ពួកគាត់​តវ៉ា​នេះ គឺ​សូម​ឲ្យ​ក្រុមហ៊ុន បើកផ្លូវ​វិញ ដើម្បី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​។ ប្រជាពលរដ្ឋ មិនមែន​ចង់​តវ៉ា ទៅ​បាញ់បោះ ជាមួយ​ក្រុម ហ៊ុន​ទេ ហើយ​មិនចាំបាច់ ក្រុមហ៊ុន​យក​កម្លាំង​ទាហាន មក​តតាំង​ជាមួយ​ប្រជាពលរដ្ឋ​ទេ​៕cen

36927