សេអ៊ូល ៖ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងញួយ៉កកាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho បានចាត់ទុកសម្តីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីសប្ដាហ៍មុន គឺប្រៀបបានទៅនឹងការប្រកាសសង្គ្រាមជាមួយប្រទេសរបស់លោក ហើយថាទីក្រុងព្យុងយ៉ាង មានសិទ្ធិបាញ់ទម្លាក់រាល់ យន្ដហោះចម្បាំងអាមេរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។
លោក Ri Yong Ho បានបញ្ជាក់ថា «វាជាសេចក្ដីថ្លែងការណ៍ប្រកាសសង្គ្រាមយ៉ាងច្បាស់ក្រឡែត ពីព្រោះវាជាពាក្យសម្ដីចេញពី មាត់ប្រធានាធិបតីអាមេរិកម្នាក់កំពុងកាន់អំណាច…ដូច្នេះបើសិនវាជាការប្រកាសសង្គ្រាម ទោះបីជាយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក មិនបានហោះហើរក្នុងដែនអាកាសកូរ៉េខាងជើងក៏ដោយ ក៏យើងនឹងចាត់រាល់វិធានការទាំងអស់ដើម្បីការពារខ្លួនឯង ក្នុងនោះរួមមានទាំងការបាញ់ទម្លាក់ យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក»។
គួររំលឹកថា កាលពីថ្ងៃអង្គារសប្ដាហ៍មុន ថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកម្ទេចកូរ៉េខាងជើងទៅជាផេះ បើសិនជា សហរដ្ឋអាមេរិក ត្រូវតែធ្វើបែបនោះជាដាច់ខាត ដើម្បីការពារខ្លួនឯង និងសម្ព័ន្ធមិត្តពីការវាយប្រហារជាយថាហេតុណាមួយពីកូរ៉េខាងជើង។ ភ្លាមៗបន្ទាប់ពីការព្រមាននេះដែរ កងកម្លាំងទ័ពអាកាសអាមេរិកបានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកធុន B-1B អមដោយយន្ដហោះចម្បាំង F-15C ជាច្រើនគ្រឿង ទៅហោះឆ្វែលពីលើដែនអាកាសអន្តរជាតិ ស្ថិតនៅក្បែរតំបន់ឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍៕