រាជធានីភ្នំពេញ ៖ សភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចតម្កល់ការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ពោលគឺបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារដដែល។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការរង និងជាអ្នកពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការសួរដេញដោលជាអសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ។
សូមជំរាបថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕