រាជធានីភ្នំពេញ ៖ លោក សុខ ឥសានមន្ដ្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅលើបណ្ដាញទំនាក់ទំនងតេឡេក្រាម នារសៀលថ្ងៃទី២៦ ខែកញ្ញាថា ទន្ទឹមនឹងការស្នើឲ្យអាមេរិកឈប់រករឿងរុកគួនរដ្ឋាភិបាលកម្ពុជាក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ( UN ) ក៏បានកោតសរសើរកម្ពុជាថាជាប្រទេស ដែលមានភាពចាស់ទុំ អាចទប់ទល់នឹងលំនឹងនៃការបុករុក សាយភាយ ការសាបព្រោះបដិវត្តន៍ពណ៌ពី សហរដ្ឋអាមេរិក បានអស់រយៈពេលជាង២០ឆ្នាំកន្លងទៅ ។
លោក សុខ ឥសាន បានបញ្ជាក់ថា ការថ្លែងបែបនេះរបស់ UN គឺជារផ្តល់យុត្តិធម៌ឲ្យរាជរដ្ឋាភិបាលកម្ពុជានិងជាតុរង្វាន់ដ៏ធំចំពោះកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដើរលើផ្លូវដ៏ត្រឹមត្រូវ បាននាំប្រទេសទៅរកសន្តិភាព ស្ថេរភាពនយោបាយមនិងការឯកភាពជាតិ ដែលមិនដែលមាននៅកម្ពុជា រាប់រយឆ្នាំមកហើយ។
សូមជម្រាបថា ថ្មីៗនេះក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ( UN ) បានចេញសេចក្តីថ្លែងការណ៍មួយដោយទាមទារឲ្យសហរដ្ឋអាមេរិកឈប់រុកគួនធ្វើទុក្ខបុកម្នេញមកលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនិងអធិបតេយ្យភាពរបស់កម្ពុជា ។
អ្នកនាំពាក្យ CPP ក៏បានស្នើដល់អ្នកវិភាគ និងសកម្មជនសិទ្ធិមនុស្ស ព្រមទាំងសមាជិកបក្សប្រឆាំងផងឲ្យបើកភ្នែកមើលឲ្យច្បាស់នូវគុណសម្បត្តិដ៏ធំធេងរកអ្វីមក ប្រៀបមិនបានរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលមានគោលជំហរច្បាស់លាស់ក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេស ដោយឈរលើគោលការណ៍ឯករាជ្យនិង អធិបតេយ្យភាពជាតិ ។
លោក សុខ ឥសាន ថែមទាំងបានបញ្ជាក់ថា ដោយសារគោលការណ៍នេះហើយបានជាអាចរក្សាបានសន្តិភាព ស្ថេរភាពនយោបាយនិងពង្រឹងបាននូវលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា រហូតដល់សព្វថ្ងៃ៕