ប៉េកាំង ៖ អ្នកនាំពាក្យអោយក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា សង្គ្រាមនៅលើឧបទ្វីបកូរ៉េនឹងមិនមានអ្នកឈ្នះឡើយ។ ការលើកឡើងបែបនេះធ្វើឡើង ខណៈដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េត្រូវបានគេមើលឃើញថា បាននិងកំពុងកើនឡើងខ្លាំងនាសប្ដាហ៍នេះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបង្កើនប្រព័ន្ធការពាររបស់ខ្លួននៅតាមតំបន់ឆ្នេរភាគខាងកើត បន្ទាប់ពីបាននិយាយចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថា បានប្រកាសសង្គ្រាមមកលើប្រទេសកូរ៉េខាងជើង ហើយក៏បាននិយាយដែរថា ខ្លួននឹងបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកដែលហោះនៅក្បែរឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា ប្រទេសចិនបានអំពាវនាវម្ដងហើយ ម្ដងទៀតអោយមានការចរចាដើម្បីដោះស្រាយវិបត្តិនៅលើឧបទ្វីបកូរ៉េនោះ។ ទន្ទឹមនោះប្រទេសចិនក៏បានចុះហត្ថលេខាយល់ព្រមបង្កើនការ ដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងប្រទេសកូរ៉េខាងជើងផងដែរ៕