បាងកក ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលបានរត់ភៀសខ្លួនទៅកាន់បរទេសកាលពីខែមុន ត្រូវបានតុលាការកំពូលថៃនៅថ្ងៃពុធនេះសម្រេចប្រកាសសាលក្រមកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល០៥ឆ្នាំ។ នេះបើតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅរសៀលថ្ងៃពុធនេះ។
ទោះជាបែបនេះក្តី គេមិនទាន់ដឹងនៅឡើយទេថា រដ្ឋាភិបាលយោធាថៃនឹងស្នើធ្វើ បត្យាប័នលោកស្រី ឬយ៉ាងណានោះទេ ខណៈតុលាការចេញដីការចាប់ខ្លួនរួចហើយ។
គួរបញ្ជាក់ថា លោកស្រី Yingluck ដែលត្រូវបានរដ្ឋាភិបាលយោធាថៃសព្វថ្ងៃ ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចកាលពីឆ្នាំ២០១៤ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ០៥ឆ្នាំ សម្រាប់ការធ្វេសប្រហែស ធ្វើឱ្យខាតបង់ថវិការដ្ឋជាង៨ពាន់លានដុល្លារនៅក្នុងក្របខណ្ឌនៃកម្មវិធីទិញស្រូវក្នុងតម្លៃថ្លៃពីកសិករ។ កម្មវិធីទិញស្រូវ នេះឯងជាគោលនយោបាយដ៏មានប្រជាប្រិយភាពបំផុតដែលបានជួយឱ្យលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃកាលពី២០១១។
តែយ៉ាងណាក៏ដោយ លោកស្រី Yingluck ធ្លាប់បានអះអាងថា លោកស្រីគ្មានទោសពៃអ្វីទាំងអស់ ហើយថែមទាំង ចោទប្រកាន់ដែរថាវាគ្រាន់តែជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយប៉ុណ្ណោះ។ ដោយឡែកក្រុមអ្នកជំនាញមួយយល់ថាសាលក្រមនេះ មានគោលដៅលុបបំបាត់ឥទ្ធិពលនៃគ្រួសារត្រកូល ថាក់ស៊ីន ចេញពីប្រទេសថៃ៕