ម៉ូស្គូ ៖ លោក មីឃែល បាប៊ីច (Mikhail Babich) ប្រធានគណៈកម្មការជាតិ ស្តីពីការរំសាយអាវុធគីមី បានរាយការណ៍ជូនដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា ដំណើរការនៃការកម្ទេចអាវុធគីមីរបស់រុស្ស៊ីប្រមាណ ៤០,០០០តោន ត្រូវបានបញ្ចប់ជាស្ថាពរ នៅមុនកាលបរិច្ឆេទកំណត់។ នេះបើតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
បើតាមតួលេខដែលបង្ហាញកាលពីថ្ងៃដើមខែមីនាកន្លងទៅនេះបានឲ្យដឹងថា អាវុធគីមីមានរហូតដល់ទៅជិត ៧០,៥០០តោន កំពុងស្ថិតនៅក្នុងឃ្លាំងស្តុក នៃបណ្តាប្រទេសនានាទូទាំងពិភពលោក ដោយក្នុងនោះប្រទេសរុស្ស៊ីមានអាវុធប្រភេទនេះច្រើនជាងគេ រហូតដល់ទៅ ៤០,០០០តោន, អាមេរិក ២៧,០០០តោន និងចំនួននៅសល់ទាំងប៉ុន្មាន គឺស្ថិតនៅតាមបណ្តាប្រទេសផ្សេងៗទៀត
ថ្លែងក្នុងតំបន់ អ៊ូដម៉ឺធា (Udmurtia) ជាទីដែលអាវុធទាំងនោះ ត្រូវបានបំផ្លាញចោលនោះលោក ពូទីន បានថ្លែងថា វាគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ បើយើងគិតពីបរិមាណដ៏ធំធេង នៃអាវុធគីមី ដែលបន្សល់ទុកពីសម័យកាលសហភាពសូវៀត ហើយនេះគឺជាការជំហានដ៏ល្អមួយ ដែលកំពុងធ្វើឲ្យពិភពលោកបច្ចុប្បន្ន មានតុល្យភាព និងសុវត្ថិភាពជាងមុន៕