ស៊ីរី ៖ អាជ្ញាធរនិយាយថា ពលរដ្ឋស៊ីវិលយ៉ាងតិច១៥០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី និងរដ្ឋាភិបាលស៊ីរីទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមប្រឆាំងក្នុងប្រទេសស៊ីរី។
បុគ្គលិកជួយសង្គ្រោះនៅក្នុងប្រទេសស៊ីរីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចម្បាំងរបស់រុស្ស៊ី និងរដ្ឋាភិបាលស៊ីរីបានសម្លាប់ពលរដ្ឋស៊ីវិលយ៉ាងតិចណាស់១៥០នាក់ និងបានធ្វើអោយមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួសនៅក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅនៅក្នុងការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាទៅលើតំបន់មួយចំនួនដែលគ្រប់គ្រងដោយក្រុមប្រឆាំងនៅភាគពាយព្យប្រទេសស៊ីរី។
យុទ្ធនាការទម្លាក់គ្រាប់បែកសាជាថ្មីទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមប្រឆាំងបានធ្វើឡើងបន្ទាប់ពីក្រុមជីហាដបានធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើតំបន់ភាគខាងជើងទីក្រុងហាម៉ា (Hama) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី។
ក្រុមមន្ត្រីការពារពលរដ្ឋស៊ីវិល និងបុគ្គលិកផ្ដល់ជំនួយអន្តរជាតិផ្សេងៗទៀតបានថតទុកជាឯកសារនូវភាពហិនហោចនៃមន្ទីរពេទ្យចំនួន៦, មជ្ឈមណ្ឌលការពារចំនួន៥ និងរោងចក្រអគ្គិសនីមួយចំនួននៅក្នុងប៉ុន្មានថ្ងៃដំបូងនៃយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លានោះ រួមនិងការវាយប្រហារទៅលើជំរំជនភៀសខ្លួនផងដែរ៕