ខេត្តមណ្ឌលគិរី ៖ កម្មករម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីបាក់រណ្តៅរ៉ែមាស ដែលករណីនេះកើតឡើងកាលពីម្សិលមិញនៅចំណុចភ្នំខៀវ ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សយ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅស្រុកមេម៉ត់ និងម្នាក់ទៀតរងរបួសធ្ងន់មានឈ្មោះ បុត្រ ជិន ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតភូមិដំរ៉ែ ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិសាត់។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ម្ចាស់រណ្តៅរ៉ែខាងលើ មានឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៤៣ឆ្នាំ។
ទោះយ៉ាងណាក៏ដោយ ប្រធានមន្ទីររ៉ែ នឹងថាមពល ខេត្តមណ្ឌលគិរី ក៏បានឲ្យដឹងនៅរសៀលម្សិលមិញនេះថា លោកមិនទាន់ទទួលបានព័ត៌មានខាងលើនៅឡើយទេ ហើយនឹងចាំស្រាវជ្រាវករណីនេះ៕