រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបំពាក់មេដាយកិត្តិយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហា សេរីវឌ្ឍន៍» ជូនព្រឹទ្ធាចារ្យ គង់ ណៃ និង ប្រាជ្ញ ឈួន កាលពីព្រឹកមិញសម្តេច ហ៊ុន សែន បានប្រកាសជាថ្មីថា នឹងការពារ មិនឲ្យនរណាមកបំផ្លាញ ទឹកដីកម្ពុជាបានឡើយ ហើយវត្តមានរបស់សម្តេច គឺជាវត្តមានដ៏ចាំបាច់ ដើម្បីការពារជាតិ ទប់ទល់ជាមួយក្រុមក្បត់ជាតិ ក្រុមធ្វើបដិវត្តន៍ពណ៌ និងដើម្បីអភិវឌ្ឍន៍ជាតិបន្តទៅទៀត។
សម្តេចបានបញ្ជាក់ថា ទីបញ្ជាការនៅទីក្រុងភ្នំពេញដែលបញ្ជាចេញធ្វើបដិវត្តន៍ពណ៌ មិនអាចទទួលយកបានទេ ឥឡូវត្រូវបានឃ្លាំមើល ហើយនឹងត្រូវបានទប់ស្កាត់ យើងនឹងបន្ដទប់ស្កាត់យើងមិនព្រមដាច់ខាត ហើយជាមួយនឹងការបំផ្លាញម្ដងហើយម្ដងទៀត សម្រាប់ជាតិមួយនេះ ។ សម្តេចសង្កត់ធ្ងន់ថា យើងទម្រាំមានពេលនេះលំបាកណាស់ ដូច្នេះវត្តមានរបស់ខ្ញុំ គឺជាវត្តមានចាំបាច់សម្រាប់បន្ដនូវសន្ដិភាព និងការអភិវឌ្ឍន៍នៃប្រទេសនេះ ។
សម្តេច ហ៊ុន សែន ថ្លែងបន្ថែមថា សម្ដេចរីករាយនឹងបានចូលរួមចំណែកជាមួយ មេដឹកនាំកម្ពុជា តាំងពីដំណាក់កាលដំបូង នាទីដំបូងរហូតមកដល់នាទីនេះ ប៉ុន្ដែសម្ដេចមិនទាន់បញ្ចប់ នៅត្រឹមនាទីនេះទេ សម្ដេចធ្លាប់បានប្រកាសរួចហើយ នឹងបន្ដរយៈពេល២អាណត្តិទៀតយ៉ាងតិច៕