រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបើកសវនាការ កាត់ទោស បុរស ជនជាតិនីហ្សេរីយ៉ា ម្នាក់ពាក់ព័ន្ធ សំណុំរឿងជួញដូរគ្រឿងញៀន ជាង ១៤គីឡូក្រាម ខណដែលជនសង្ស័យត្រូវបានគេស្គាល់ថា ឈ្មោះ IHEONU GRABRIEL ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ។
តុលាការបានចោទប្រកាន់បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ នោះពីបទរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ១៤,៤៦៨.៥០ក្រាម (ជាង១៤គីឡូ) ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចច្រកទ្វាព្រំដែន អន្តរជាតិកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ។
យ៉ាងណាក៏ដោយនៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ IHEONU GRABRIEL បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ ដោយបញ្ជាក់ថា បងប្អូនជីដូចមួយខ្លួន ឈ្មោះ PERT បានពឹងពាក់ឱ្យជួយទៅទទួលឥវ៉ាន់ ជាកាបូបលុយស្ត្រី ដែលផ្ញើមកពីប្រទេសចិន ដែលមានឈ្មោះ JACKY ជាអ្នកផ្ញើមក ។ ចំណែកខ្លួនអត់ដឹងថា កាបូបនោះ មានបង្កប់គ្រឿងញៀននោះទេ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានបញ្ជាក់នៅក្នុងរបាយការណ៍ថា សមត្ថកិច្ចច្រកទ្វាព្រំដែនវៀតណាម បានរកឃើញគ្រឿងញៀនខាងលើ ត្រូវបានផ្ញើមកកម្ពុជា ទើបសមត្ថកិច្ចប្រទេសទាំង២ សហការគ្នារហូតឃាត់ខ្លួនជនជាប់ចោទបាន ។ បន្ទាប់មកបាននាំជនជាប់ចោទទៅឆែកឆេរបន្ទប់ជួល រកឃើញ ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ១គ្រឿង ស្លាបព្រាកាហ្វេ និងថង់ផ្លាស្ទីកច្រកគ្រឿងញៀនមួយចំនួនធំ បន្ថែមទៀត ៕