ពលរដ្ឋខ្មែរជាង២៦ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី
រាជធានីភ្នំពេញ ៖ រយៈពេល៣០ថ្ងៃដំបូង នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ២៦៣,៤៤៤នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន២,០៩២នាក់ និងអ្នកខុសកែតម្រូវមានចំនួន២,២៩៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕