បាញ់ប្រហារ​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស ស្លាប់​៥៨​នាក់ និង​របួស​៥១៥​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2017 ក+ ក-

​អាមេរិក ៖ សារព័ត៌មាន BBC ចេញផ្សាយ​ថា មនុស្ស​៥៨​នាក់ និង​៥១៥​នាក់ ផ្សេងទៀត​រងរបួស​នៅក្នុង​ការបាញ់ប្រហារ​នៅឯ​ទីក្រុង​ឡាស​វេ​ហ្គាស (Las Vegas) កាលពី​យប់​ថ្ងៃអាទិត្យ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ខណៈដែល​ក្រុម​សកម្មប្រយុទ្ធ ISIS បាន​ចេញមុខ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​ដ៏​សាហាវ​នេះ​។​
​ទោះបីយ៉ាងណា​ភ្លាមៗ អាជ្ញាធរ​អាមេរិក​មិនទាន់​ទទួលស្គាល់​ការអះអាង​នេះ​នៅឡើយ​ទេ ខណៈ​លោក ដូ​ណា​ល់ ត្រាំ បានចាត់ទុក​ការបាញ់ប្រហារ​នេះ​ជា​សកម្មភាព​របស់ បិសាច​សុទ្ធសាធ ហើយ​ថា លោក​នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ឡាស វេ​ហ្គាស នៅ​ថ្ងៃ​ពុធ​។
​ប៉ូលិស​អាមេរិក​បានឱ្យ​ដឹងថា ហេតុការណ៍​បាញ់ប្រហារ​ហ្វូងមនុស្ស​ម្នា​ដ៏​សាហាវ​នេះ​បានកើត​ឡើង​ចំ​យប់​ថ្ងៃ​ចុងក្រោយ នៃ​ពិធីបុណ្យ​ប្រគំ​តន្ត្រី​មាន​ឈ្មោះថា Route 91 Harvest ដែលមាន​រយៈពេល​សរុប ០៣​ថ្ងៃ ដែលជា​កម្មវិធី​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង ឡាស វេ​ហ្គាស (Las Vegas) នៃ​រដ្ឋ​ណេ​វ៉ា​ដា (Nevada) ភាគ​ខាងលិច​សហរដ្ឋអាមេរិក​។ ព្រម​ពេល​ជាមួយគ្នា​អ្នក​ដែល​បានទទួល​រងរបួស​ទាំង​ប៉ុន្មាន​ត្រូវបាន បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​ជីវិត​។​
​ទោះបីយ៉ាងណា​ប៉ូលិស​អាមេរិក​ក៏បាន​អះអាង​ដែរ​ថា ជនសង្ស័យ​ម្នាក់ ឈ្មោះ Stephen Paddock អាយុ​៦៤​ឆ្នាំ ត្រូវបាន​បាញ់សម្លាប់ បន្ទាប់ពី​រូបគេ​បើក​ការបាញ់ប្រហារ​យ៉ាង​កម្រោល​ទៅលើ​ក្រុមមនុស្ស​យ៉ាងច្រើន​កុះករ ដែល​បាន នាំគ្នា​ទៅ​ចូលរួម​ក្នុង ពិធីបុណ្យ​ប្រគុំ​តន្ត្រី​ដ៏​ធំ​មួយ ស្ថិត​នៅក្បែរ​សណ្ឋាគារ​-​កាស៊ីណូ ម៉ាន់​ដា​ឡាយ បេ​យ (Mandalay Bay)៕