FBI ៖ ករណី​បាញ់ប្រហារ​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស់ មិន​ជាប់​ពាក់ព័ន្ធ ISIS ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2017 ក+ ក-

​វ៉ាស៊ីនតោន ៖ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) បាន​បញ្ជាក់ថា ករណី​បាញ់រះ​សម្លាប់​មនុស្ស​ប្រមាណ​៥៩​នាក់ និង​៥២៧​នាក់​ផ្សេងទៀត​របង​របួស​នៅក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស់ (Las Vegas) រដ្ឋ ណេ​វ៉ា​ដា (Nevada) កាលពី​យប់​ថ្ងៃអាទិត្យ​នោះ​ពុំមាន​ទំនាក់ទំនង​អ្វីមួយ​ជាមួយនិង​ក្រុម ISIS ឡើយ​។​នេះ​បើតាម​សារព័ត៌មាន​រុស្ស៊ី Sputnik​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​
​ភ្នាក់ងារ​ពិសេស​របស់ FBI ទទួលបន្ទុក​ស៊ើបអង្កេត​លើ​ករណី​ខាង​នេះ លោក អា​រ៉ុ​ន រ៉ៅ​ស៍ (Aaron Rouse) បាន​ថ្លែងថា «​ស្រប​ពេលដែល​ហេតុការណ៍​ដ៏​អាក្រក់​នេះ ត្រូវបាន​បកអាក្រាត ពួកយើង​បានកំណត់​ត្រឹម​ខណៈពេល​នេះ​ថា វា​ពុំមាន​ចំណងទាក់ទង​អ្វី​ទាំងអស់​ជាមួយនឹង​ក្រុម​ភេរ​វករ​អន្តរជាតិ​ដូចជា ISIS ជាដើម​»​។ លោក Rouse បាន​បន្ថែមថា ទីភ្នាក់ងារ FBI នឹង​បន្ត​ខិតខំ​ធានា​ឲ្យ​បាន​ថា ករណីនេះ​ត្រូវបាន​ស៊ើបអង្កេត​ដោយ​ហ្មត់ចត់​ល្អិតល្អន់ និង​ច្បាស់លាស់​ជាទីបំផុត​។ លោក​បញ្ជាក់ថា ខ្មាន់កាំភ្លើង​ឈ្មោះ ស្ទេ​ហ្វិ​ន ផេ​កដក់ (Stephen Paddock) ពុំមាន​ទំនាក់ទំនង​អ្វីមួយ​ជាមួយនិង​ក្រុម ISIS ទោះបីជា​ពួក​ភេរវ​ករ​នេះ បាន​ចេញមុខ​អះអាងថា​ជា​ទង្វើ​របស់ខ្លួន​យ៉ាងណាក្តី​។
​គួរ​បញ្ជាក់ថា ក្រុម​ភេរ​វករ ISIS បាន​ចេញមុខ​អះអាងថា ជា​អ្នករៀបចំ​គម្រោង​បាញ់ប្រហារ​ដ៏​សាហាវព្រៃផ្សៃ​បំផុត ប្រចាំ​ប្រវត្តិសាស្ត្រ​អាមេរិក​នេះ ដោយ​លើកឡើងថា បុរស​ជា​ខ្មាន់កាំភ្លើង គឺជា​អ្នក​ប្រយុទ្ធ​របស់ខ្លួន ប៉ុន្តែ​មិនបាន​ផ្តល់​ភស្តុតាង​អ្វី​ឡើយ​៕