ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីបន្តជួយពលករ-ពលការិនី១៦នាក់ទៀត
រាជធានីភ្នំពេញ ៖ ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីបានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរចំនួន១៦នាក់ទៀត ដើម្បីឲ្យពួកគាត់បានត្រឡប់មកប្រទេសកម្ពុជាវិញ ខណៈដែលមិនអាចស៊ូទ្រាំការងារនៅទីនោះបាន។ នេះបើយោងតាមការផ្តល់ព័ត៌មានរបស់មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេស ។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានឲ្យដឹងថា ពលករ ពលការិនីទាំង១៦នាក់នេះ បានទៅធ្វើការនៅម៉ាឡេស៊ីចន្លោះពីឆ្នាំ២០១៤-២០១៧ ។ លោកបានបញ្ជាក់ថា ពួកគេមកពីខេត្តក្រចេះ កំពង់ធំ កំពត ត្បូងឃ្មុំ កំពង់ចាម និងសៀមរាប ។
យ៉ាងណាក៏ដោយ បន្ទាប់ការជួយអន្តរាគមន៍ពីស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ដោយមានការទាមទារប្រាក់ខែ និងប្រាក់បំណាច់ជាដើមនោះ ពលករ ពលការិនីទាំង ១៦នាក់បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅនេះ៕