ពួក​អាវ​ក្រហម​ថៃ​ជាប់ចោទ​ពីបទ​រៀប​ផែនការ​បង្ក​អស្ថិរភាព​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2015 ក+ ក-

​នៅ​ថ្ងៃ​ចន្ទ​ទី៩ មីនា ២០១៥​នេះ ប៉ូលិស​ ថៃ​បាន​ចោទប្រកាន់​ក្រុម​អាវ​ក្រហម​ដែលជា​ចលនា​ដ៏​ធំ​គាំទ្រ រដ្ឋាភិបាល​ត្រកូល​ថាក់ស៊ីន ថា​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ការរៀបចំ​ផែនការ​ដោយ​សម្ងាត់​បង្ក អស្ថិរភាព​ជាតិ តាមរយៈ​ការ​គ្រាប់បែក​ផ្សេងៗ​។ ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ នៅ​កណ្តាល​ក្រុង​បាងកក ជា​ភស្តុតាង​ជាក់ស្តែង​មួយ​។​

​អ្នកនាំពាក្យ​ប៉ូលិស​ថៃ បាន​បញ្ជាក់ថា​មានការ​ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្បែរ​តុលាការ ក្រុង​បាងកក​។ បើតាម​ការអង្កេត ជន​ទាំងពីរ​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុម​អាវ​ក្រហម និង​មាន​ទំនាក់ទំនង​ជាមួយ​អតីត​អ្នកទទួលខុសត្រូវ​ក្នុង​រដ្ឋាភិបាល​ចាស់ ជាច្រើន​នាក់​។ គឺជា​បណ្តាញ​តែមួយ ដែល​បានដាក់​គ្រាប់បែក​តូចៗ​ពី​គ្រាប់​បំផ្ទុះ​នៅមុខ​មជ្ឈមណ្ឌល ពាណិជ្ជកម្ម​ក្រុង​បាងកក​កាលពី​ថ្ងៃទី ១​កុម្ភៈ ២០១៥​។ នេះ​បើតាម​ប៉ូលិស​ថៃ​ដដែល​។​

​ក្រុម​អាវ​ក្រហម ដែល​ស្ម័គ្រស្មោះ​នឹង​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់​ស៊ីណា​វ៉ា​ត់ បាន​បដិសេធថា​គ្មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចោល​គ្រាប់បែក​នេះ​ទេ​។ អ្នក​ដែល​យកចំណេញ​ពី​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ពិតជា​មិនមែន​ក្រុម​អាវ ក្រហម​ឡើយ ! នេះ​ជាការ​អះអាង​របស់​ប្រមុខ​ចលនា លោក ចា​ទុ​ប៉ន ប្រុម​ប៉ាន (Jatuporn Prompan)​។​

​សូម​រំលឹកថា បក្សនយោបាយ​ថៃ​តែងតែ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក អំពី​សកម្មភាព​សាបព្រោះ​អំពើហិង្សា​។ ក្នុងអំឡុងពេល​បាតុកម្ម​រាប់​ខែ​កាលពីដើមឆ្នាំ​២០១៤ គ្រាប់បែក​ជាច្រើន​គ្រាប់​បាន​ផ្ទុះ និង​សម្លាប់​មនុស្ស​អស់​ប្រមាណ​២៥​នាក់​។ ទើប​មេដឹកនាំ​សឹក បាន​ឆ្លៀត​យកចំណេញ ធ្វើ​រដ្ឋប្រហារ​ទម្លាក់រ​ដ្ឋា​ភិ​បាល​កាន់អំណាច ក្រោម​ហេតុផល​ទប់ស្កាត់​អំពើហិង្សា​។ អំណះអំណាង​នេះ​ត្រូវបាន​លើកឡើង​ជាថ្មី​នៅ​ថ្ងៃ​ចន្ទ​។​

​ការចោទប្រកាន់​នេះ​ធ្លាក់​មក​ជួន​ចំពេល​ដែល​ច្បាប់អាជ្ញាសឹក អនុវត្ត​តាំងពី​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ខែឧសភា​២០១៤ ក្រោមលេស​ទប់ស្កាត់​អំពើហិង្សា រង​ការរិះគន់​កាន់តែខ្លាំង​ឡើងៗ ថា​ជា​មធ្យោបាយ​ហាមឃាត់​បាតុកម្ម និង​ម្យ៉ាងទៀត ការចោទប្រកាន់​នេះ​ក៏​ធ្លា​ក់មក​ចំពេល​គម្រោង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី ដ៏​ចម្រូងចម្រាស​។ លោក អា​ភិ​សីទ វី​ចា​ជីវ៉ា ប្រមុខ​គណបក្ស​ប្រជាធិបតេយ្យ ដែលមាន​ទម្លាប់​សំងំស្ងៀម នៅ​បទសម្ភាសន៍​មួយ​ទៅកាន់​កាសែត​បាងកក​ប៉ុស្តិ៍ ថ្ងៃនេះ បានចាត់ទុក​គម្រោង​ច្បាប់​ថ្មី ថា​ជាការ “​ប្លន់​លទ្ធិប្រជាធិបតេយ្យ​”​។ គម្រោង​ច្បាប់​ដែល​ផ្តល់​អំណាច​ឱ្យ​ព្រឹទ្ធសភា ដែល​សមាជិក​គ្មាន​ការឆ្លងកាត់​សន្លឹកឆ្នោត ហើយ​តំណែង​នាយករដ្ឋមន្ត្រី​មិន​អាស្រ័យ​នឹង​លទ្ធផល​បោះឆ្នោត​។ ការបោះឆ្នោត​ដែល គណបក្ស​ភឿ​ថៃ តែងតែ​ឈ្នះ​តាំងពី​ឆ្នាំ​២០០១ លើ​គណបក្ស​អភិរក្ស អ្នកគាំទ្រ​រាជវង្ស គាំទ្រ​ព្រះមហាក្សត្រ​ដែល កំពុងមាន​ជំងឺ និង​ព្រួយបារម្ភ​អំពី​ការ​ស្នង​រាជ​៕rfi

manif des rouge à bangkok

ក្រុម​អាវ​ក្រហម ចេញមុខ​ធ្វើបាតុកម្ម​ដើម្បី​គាំទ្រ​រដ្ឋាភិបាល បន្ទាប់ពី​លោកស្រី​យី​ង​ឡាក់​ត្រូវ​តុលាការ​ធម្មនុញ្ញ​ដកចេញ ពី​តំណែង​នាយករដ្ឋមន្ត្រី (​រូបថត​ឯកសារ​)©REUTERS/Athit Perawongmetha