អាជ្ញាធរគ្រោង​សាងសង់​ស្ថានីយ​បូមទឹក​មួយកន្លែង​ទៀត​ដើម្បី​រំដោះ​ទឹក​ក្នុង​ខណ្ឌ​ចំនួន​៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ស្ថានីយ​បូមទឹក​មួយកន្លែង​ទៀត នៅ​ទីតាំង​លូ​ប្រាំ តាមផ្លូវ​វេ​ង​ស្រេង រួម​នឹង​ការស្តារ​ប្រឡាយ​មេ​ជាច្រើន​ខ្សែ​ទៀត​ក្នុង​តំបន់​នេះ ដូចជា ប្រឡាយ​លូ​ប្រាំ ប្រឡាយ​បារាំង និង​ប្រឡាយ​ដើម​ស្លែង​ជាដើម ដើម្បី​រំដោះ​ទឹក​នៅក្នុង​ខ​ណ្ឌ​ចំនួន​៣ គឺ​ខណ្ឌ​មានជ័យ ខ​ណ្ឌ​សែន​សុខ និង​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​សូមជម្រាបថា ការបង្ហាញ​ពី​គម្រោង​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខណ្ឌ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​
​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នោះ​ថា ក្រោយពី​អាជ្ញាធរ​រាជធានី និង​មន្ត្រី​ជំនាញ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ប្រឡាយ​លូ​ប្រាំ ប្រឡាយ​បារាំង និង​ប្រឡាយ​ដើម​ស្លែង បន្ទាប់ពី​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង លោក​អភិបាល​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់​គ្រឿងចក្រ ដើម្បី​ស្តារ​ប្រឡាយ​មេ​ទាំងនេះ ។ លោក​ថា គម្រោងការ​នោះ​គឺ ដើម្បី​ជំរុញ​ការងារ​រំដោះ​ទឹក​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ។​
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា «​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាល​ក៏បាន​ជំរុញ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សិក្សា​ជា​កញ្ចប់​លើ​ការដោះស្រាយ​បញ្ហា​លិចលង់​នេះ ដែល​រំពឹងថា ក្រោយ​ការជីក ស្តារ​ប្រឡាយ ទាំង​៣​ខាងលើ និង​ក្រោយពី​សាងសង់​ស្ថានីយ៍​បូមទឹក​នេះ​រួចរាល់​នឹង​អាច​រំដោះ​ជំនន់​ទឹកភ្លៀង​បានល្អ​ប្រសើរ​។ ជា​គម្រោង​ត្រូវ​ស្តារ​បើកមុខ​ប្រឡាយ ដាក់​បណ្តាញ​លូ​ប្រអប់​ថ្មី ដែលមាន​ទំហំ​ចាប់ពី​២,៥០​ម៉ែត្រ ដល់​៦​ម៉ែត្រ​»​។​
​គួរបញ្ជាក់​ផងដែរ​ថា រាជធានី​ភ្នំពេញ បាន​កសាង​ស្ថានីយ​បូមទឹក​ជាច្រើន​កន្លែង​ហើយ ដើម្បី​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ដូចជា​៖ ស្ថានីយបូមទឹក​បឹងត្របែក ស្ថានីយបូមទឹក ទួលគោក​១ ទួលគោក​២ ស្ថានីយ​បូមទឹក​ទួល​សំពៅ និង​ស្ថានីយបូមទឹក​កប់​ស្រូវ​ជាដើម​៕