តំណាងរាស្ត្រ CNRP ម្នាក់ទៀត​ភៀសខ្លួន​ចេញទៅ​ក្រៅប្រទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​ផងដែរ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ​ក្រោម​ហេតុផល​ថា ខ្លាច​មានការ​ចាប់ខ្លួន ពីព្រោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លោក​កឹម សុខា ចំពោះ​អំពើ​ក្បត់ជាតិ​។​
​ទន្ទឹមនឹង​ការចាកចេញ​នោះ​កាលពី​ថ្ងៃ​៣​តុលា លោកស្រី​មូរ សុខ​ហួរ ក៏បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា សភាពការណ៍​ក្នុងប្រទេស​កម្ពុជា​«​គ្រោះថ្នាក់​ណាស់​សំរាប់​ក្រុម​មេដឹកនាំ​សង្គ្រោះ​ជាតិ​»​និង​ថា លោកស្រី​បានឮ​ការ​គំរាម​របស់​នាយករដ្ឋមន្ត្រី និង​បាន​ចាក​ចេញពី​ប្រទេស​កាលពី​ថ្ងៃ​អង្គារ​។​
​គួរ​បញ្ជាក់ថា ក្រោយ​ការចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មក​គេ​ឃើញ​មាន​មន្ដ្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​មួយចំនួន បាន​ចាក​ចេញពី​កម្ពុជា ដែល​ក្នុងនោះ​រួមទាំង កូនស្រី​លោក កឹម សុខា ទាំង​២ រូប​គឺ​កញ្ញា កឹម មនោ​វិទ្យា និង​កញ្ញា កឹម សម្មា​ធីតា ព្រមទាំង​មេដឹកនាំ​យុវជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហ៊ីង សុខសាន្ត ផងដែរ ៕