អេស្ប៉ាញ ៖ រដ្ឋាភិបាលនៅក្នុងតំបន់បានថ្លែងថា មេដឹកនាំតំបន់ កាតាឡាន (Catalonia) អាចនឹងប្រកាសឯករាជ្យផ្ដាច់ខ្លួនពីប្រទេសអេស្ប៉ាញ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ខណៈវិបត្តិមួយ បាននឹងកំពុងកើនឡើង រវាងរដ្ឋាភិបាលទីក្រុង Madrid និងក្រុមមេដឹកនាំពួកផ្តាច់ខ្លួន ស្តីពីការបោះឆ្នោតប្រជាមតិ ទាមទារឯករាជ្យដោយខុសច្បាប់។ នេះបើយោងតាមសារព័ត៌មានAFP ។
ក្រុមមេដឹកនាំពួកផ្តាច់ខ្លួន នៅក្នុងតំបន់ កាតាឡាន បានស្នើឲ្យមានសម័យប្រជុំសភា នៅថ្ងៃចន្ទ ដើម្បីវិភាគអំពីលទ្ធផលនៃការធ្វើប្រជាមតិ ហើយយោងតាមរបៀប វារៈនៃសម័យប្រជុំដែលបានសម្រេចនោះ ឯករាជ្យអាចនឹងត្រូវបានប្រកាសឡើង។ នេះបើតាមការស្រង់សម្តីពីប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះ។
ជុំវិញករណីខាងលើនេះរដ្ឋមន្ត្រីយុត្តិធម៌អេស្ប៉ាញ បានបញ្ជាក់ថា ទីក្រុង Madrid នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង នៅក្រោមប្រព័ន្ធច្បាប់ដែលមានស្រាប់ ដើម្បីរារាំងការប្រកាសឯករាជ្យនៃតំបន់កាតាឡាន (Catalonia) ព្រមទាំងព្រមានថា ការរឹងទទឹងចង់ទាមទារឯករាជ្យភាពនេះ គឺជាការរំលោភបំពានលើមាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញជាតិ ដែលអាចនឹងបង្ខំឲ្យរដ្ឋាភិបាលចូលធ្វើ អន្តរាគមន៍គ្រប់គ្រងតំបន់ស្វយ័តកាតាឡាន៕