រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ ដែលជាសន្តិសុខ ក្រុមហ៊ុនបុរីពិភពថ្មី ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្មលើ ស្ត្រីពាណិជ្ជករម្នាក់ ប្លន់យកទ្រព្យសម្បត្តិ។ ជនសង្ស័យទី១ឈ្មោះ ប្រាក់ រ៉ាន្នី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ សន្តិសុខ បុរីពិភពថ្មី និងទី២ឈ្មោះ កឿន សុធា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ សន្តិសុខ បុរីពិភពថ្មី។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៧កន្លងទៅ មានករណីជនរងគ្រោះម្នាក់ឈ្មោះ គឹម សុផុនវឌ្ឍនា ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរ ជាពាណិជ្ជករ ត្រូវបានជនសង្ស័យ អាក របួសធ្ងន់ នៅចំណុចក្នុងផ្ទះលេខ៣១ ក្រុម១២ ផ្លូវលេខ៦បេតេ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ចខណ្ឌសែនសុខ នៅថ្ងៃដដែល បានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ដែលជាក្រុមហ៊ុន បុរីពិភពថ្មី ប៉ុន្តែក្រោយមក ជនសង្ស័យ ៤នាក់ដែលមិនមានការជំពាក់ព័ន្ធ ក៏ត្រូវសមត្ថកិច្ចដោះលែងឱ្យមានសេរីភាពវិញ។
នៅកន្លែងកើតហេតុសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ បានចុះធ្វើកោសល្យវិច័យ រកឃើញសម្ភារ បន្សល់ទុក នៅកន្លែងលើតហេតុរួមមាន៖-ពិលពាក់ក្បាលសន្តិសុខពិភពថ្មីចំនួន ១ -ខ្សែក្រវ៉ាត់របស់សន្តិសុខបុរីពិភពថ្មីចំនួន ១ -មួកសន្តិសុខបុរីពិភពថ្មី ប្រលាក់ឈាម ចំនួន ១-ស្បែកជើង ផ្ទាត់មួយចំហៀងផងដែរ ៕