បាងកក—កាលពីថ្ងៃអាទិត្យកន្លងទៅ នេះ រដ្ឋាភិបាលម៉ាឡេស៊ីបានចេញរបាយការណ៍ស៊ើបអង្កេត មួយរយៈពេលខ្លីស្តីអំពីការបាត់ដានយន្តហោះជើងហោះហើរលេខ ៣៧០ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ដានអស់រយៈពេល១ឆ្នាំកន្លងទៅនេះ។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ីបានប្រគល់របាយការណ៍របស់ខ្លួនមួយ ច្បាប់ស្តីអំពីយន្តហោះជើងហោះហើរលេខ៣៧០ ទៅឲ្យមន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ី។ ឯកសារនោះត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអាទិត្យ ដែលគម្រប់ខួប១ឆ្នាំគត់នៃការបាត់ដានយន្តហោះជើងហោះហើរលេខ ៣៧០ ប្រភេទ Boeing 777 នេះ។
មានមនុស្ស ២៣៩នាក់ រួមទាំងបុគ្គលិកលើយន្តហោះបានជិះយន្តហោះជើងហោះហើរលេខ ៣៧០ របស់ក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីនេះ។ យន្តហោះនេះបានហោះចេញពីគោលដៅហោះហើរទៅកាន់ក្រុងប៉េកាំង បន្ទាប់ពីបានហោះចេញពីទីក្រុងកូឡាឡាំពួរ ហើយបានបាត់ខ្លួនចេញពីរ៉ាដា។
ទោះបីជាមានការចំណាយជាទឹកប្រាក់ប្រមាណ ២០០លានដុល្លារលើការស្វែងរកជាលក្ខណៈអន្តរជាតិរហូតទៅដល់ដែន សមុទ្រដែលឆ្ងាយពីឆ្នេរសមុទ្រអូស្ត្រាលីភាគខាងលិចក្តី ក៏គ្មានតម្រុយអ្វីទាល់តែសោះនៃការបាត់ដានយន្តហោះនេះ។
លោក Liow Tiong Lai រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ម៉ាឡេស៊ី ឲ្យដឹងថា បើសិនជាការស្វែងរកនេះមិនទទួលបានលទ្ធផលអ្វីនៅត្រឹមចុងខែឧសភា នេះ នោះរដ្ឋាភិបាលម៉ាឡេស៊ី ប្រទេសអូស្ត្រាលី និងប្រទេសចិននឹងវិភាគលើទិន្នន័យសារជាថ្មីម្តងទៀត ហើយនឹងបង្កើតគម្រោងថ្មីមួយទៀត។
លោក Liow មានប្រសាសន៍ថា៖ «យើងនឹងត្រឡប់ទៅវិភាគផ្ទាំងផែនទីម្តងទៀត។ ហើយយើងត្រូវការអ្នកជំនាញផ្តល់ការប្រឹក្សាអំពីគម្រោងទៅមុខទៀត»។
លោកបានបន្ថែមទៀតថា លោកនៅតែមាន«សុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន» ថាយន្តហោះនេះបានធ្លាក់នៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា។
លោក Warren Truss ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី បានឲ្យដឹងថា ឥឡូវនេះដំណើរការស្វែងរកយន្តហោះដែលត្រូវចំណាយទឹកប្រាក់ច្រើន បំផុតមួយនឹងត្រូវធ្វើឡើងបន្តទៀត។
លោក Truss បាននិយាយថា៖ «យើងមានការប្តេជ្ញាខាងថវិកាក្នុងដំណើរការស្វែងរកយន្តហោះនេះ ហើយយើងត្រូវសម្រេចថា តើយើងត្រូវចំណាយទឹកប្រាក់ប៉ុន្មាន។ វានឹងអាស្រ័យលើការបេ្តជ្ញាខាងថវិកាពីប្រទេសដទៃទៀត»។
លោក James Chin អ្នកវិភាគម៉ាឡេស៊ីម្នាក់នៃសាកលវិទ្យាល័យ Tasmania ប្រទេសអូស្ត្រាលី មិនជឿថា ដំណើរការស្វែងរកយន្តហោះជើងហោះហើរ MH370 ដែលកំពុងតែផ្តោតលើផ្ទៃទឹកដែលមានទំហំស្មើនឹងប្រទេសស្រីលង្កា នោះ អាចនឹងបន្តរហូតទេ។
លោក Chin បានឲ្យដឹងថា៖ «ខ្ញុំគិតថា បើយើងគិតពីការចំណាយលើដំណើរការស្វែងរកយន្តហោះនេះវិញ យើងពិតជាមិនអាចតាមស្វែងរកយន្តហោះនេះរហូតទេ»។
ក៏ប៉ុន្តែ លោក Chin បានលើកឡើងថា ការបញ្ចប់ដំណើរការស្វែងរកយន្តហោះនេះ អាចនឹងជំរុញឲ្យមានការសន្និដ្ឋានផ្សេងៗទៀតមកលើជោគវាសនារបស់ អ្នកធ្វើដំណើរតាមយន្តហោះនេះ។
លោក Chin បានបន្ថែមថា៖ «បើសិនជាគេមិនអាចស្វែងរកយន្តហោះនេះបានទេ ខ្ញុំគិតថា មនុស្សជាច្រើននឹងចាប់ផ្តើមជឿលើការសន្និដ្ឋានផ្សេងៗរៀងៗខ្លួននៃ ការបាត់ដានយន្តហោះនេះ។ ក្រុមអ្នកស្វែងរកចាំបាច់ត្រូវតែស្វែងរកយន្តហោះនេះឲ្យឃើញ ដើម្បីឲ្យក្រុមគ្រួសារនៃអ្នកធ្វើដំណើរបានស្ងប់ចិត្ត ហើយជាពិសេសគឺបង្កើតឲ្យមានការជឿទុកចិត្តសារជាថ្មីក្នុងការ ធ្វើដំណើរតាមផ្លូវអាកាស»។
កាលពីខែមករាកន្លងទៅនេះ ប្រទេសម៉ាឡេស៊ីបានប្រកាសជាផ្លូវការថា យន្តហោះជើងហោះហើរលេខ ៣៧០ បានជួបនឹងគ្រោះថ្នាក់ ហើយថា មនុស្សទាំងអស់ដែលធ្វើដំណើរតាមយន្តហោះនេះបានស្លាប់បាត់បង់ ជីវិត៕ VOA
រូបឯកសារ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីកំពុងហោះ