អ៊ុយក្រែន ៖ រដ្ឋសភានៅប្រទេសអ៊ុយក្រែនបានបង្ខំចិត្តផ្អាកសម័យកាលប្រជុំរបស់ខ្លួនដោយសារសមាជិកសភាមានការខ្វែងគំនិតគ្នាបន្តិចបន្តួចចំពោះសេចក្ដីព្រៀងច្បាប់ដែលជាចំណុចក្ដៅបំផុតមួយពាក់ព័ន្ធនឹងដែនដីនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនដែលកំពុងគ្រប់គ្រងដោយក្រុមឧទ្ទាម។
សេចក្ដីព្រាងច្បាប់ដែលតាក់តែងឡើងដោយប្រធានាធិបតីប្រទេសអ៊ុយក្រែនគឺលោក ផេត្រូ ប៉ូរ៉ូសេនកូ បានរងការរិះគន់យ៉ាងខ្លាំងពីក្រុមសមាជិកសភារួមទាំងគណបក្សសាម៉ូផូមិចផងដែរ។ នៅពេលខ្វែងគំនិតគ្នាដោយសារតែច្បាប់នេះមិនបានបញ្ជាក់ច្បាស់ពីការគ្រប់គ្រងដែនដីនៅតំបន់នោះ ក្រុមសមាជិកសភាដែលប្រឆាំងជំទាស់នឹងសេចក្ដីព្រាងច្បាប់នេះបាននាំគ្នាសម្រុកឡើងទៅកន្លែងវេទិការបស់ប្រធានរដ្ឋសភាដែលជាហេតុធ្វើឲ្យគេពន្យារពេលសម័យប្រជុំរហូតដល់ថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះគឺយោងទៅលើផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥សម្រាប់ដែនដីនៅភាគខាងកើតប្រទេសអ៊ុយក្រែនក្រោមការសម្របសម្រួលដោយប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង៕