ដាម៉ាស ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងទីក្រុងរ៉ាកា (Raqqa) របស់ប្រទេសស៊ីរីក្នុងអំឡុងពេល ០៤ថ្ងៃកន្លងទៅនេះបានបណ្តាលឲ្យជនស៊ីវិលយ៉ាងតិច២៥០នាក់ ស្លាប និងជាច្រើននាក់រងរបួស ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេសបានអះអាងទៀតថា ប្រតិបត្តិការតាមផ្លូវអាកាសធ្វើឡើងដោយក្រុមចម្រុះអន្តរជាតិ ដឹកនាំដោយអាមេរិក បានផ្តាច់យកអាយុជីវិតប្រជាជនស៊ីវិលស្លូតត្រង់ យ៉ាងហោចណាស់ចំនួន១,១១៧នាក់ ដោយក្នុងនោះរួមមានកុមារ២៦៧នាក់ និងស្ត្រី១៦៤នាក់ បើគិតចាប់តាំងតែពីខែមិថុនា ឆ្នាំ២០១៧។ SOHR បានឲ្យដឹងថា ៨៥ភាគរយ នៃទីក្រុង Raqqa ត្រូវបានវាយរំដោះចេញពីការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធ ISIS ហើយ៕